សម្តេច ស ខេង ស្នើស្ថាប័នពាក់ព័ន្ធ​បន្តពង្រឹងប្រព័ន្ធការងារ បើទោះកម្ពុជាចេញផុត​ពីបញ្ជីប្រផេះក្តី

សង្គម​និង​សេដ្ឋកិច្ច

កម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានស្នើស្ថាប័នពាក់ព័ន្ធទាំងអស់បន្តពង្រឹងយុទ្ធនាការ និងប្រព័ន្ធការងារ បើទោះកម្ពុជាចេញផុតពីបញ្ជីប្រផេះក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ កាលទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានរម្លឹកថា ក្រុមការងារអន្ដរក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ទាំងអស់ បានរួមគ្នាយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ដអនុវត្តការងារនៅសេសសល់បានយ៉ាងល្អ ។

ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សំដៅធានាបាន ការដកកម្ពុជាចេញពីបញ្ជីប្រផេះ លើកទី២ និងរក្សាបានសុចរិតភាពរបស់ប្រព័ន្ធធនាគារហិរញ្ញវត្ថុ ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ជាក់ស្តែង សម្តេចថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មហាសន្និបាត FATF នៅទីក្រុងប៉ារីស នៃប្រទេសបារាំង បានអនុម័តជាឯកឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការ តាមសំណើរបស់ ក្រុមការងារត្រួតពិនិត្យរួមនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពី កិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។

ផ្អែកលើការសម្រេចចិត្តរបស់អង្គការ FATFខាងលើ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេច  ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងឧបត្ថម្ភគាំទ្រភាគីពាក់ព័ន្ធ ពិសេសក្រុមការងារអន្ដរក្រសួងទាំងអស់ ក្នុងបេសកកម្មដកកម្ពុជាចេញពីបញ្ជីប្រផេះ ដោយបានដាក់ចេញផែនការយុទ្ធសាស្ដ្រ និងជំរុញអនុវត្តផែនការងារ តាមរយៈការបង្កើតឱ្យមានក្របខណ្ឌនិតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedure – SOP) ហើយគ្រប់អាជ្ញាធរអនុវត្តច្បាប់ទាំងអស់ ត្រូវពង្រឹងយុទ្ធនាការ និងប្រព័ន្ធការងារ ដែលអាចធានាបាននិរន្ដរភាពការងារ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានលើកឡើងដែរថា ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF គឺជាកិច្ចការងារដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ គឺយើងមានភាពចាំបាច់ ក្នុងការជួបជុំគ្នា នាថ្ងៃនេះ ដើម្បីបន្ដរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្នុងការពិនិត្យ ពិភាក្សា និងវាយតម្លៃជាមួយការដាក់ចេញនូវទិសដៅការងាររួមគ្នាបន្ដទៀត៕

អត្ថបទ៖ ពិសី