នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ SingMed បានប្រារព្ធពិធីចុះហត្ថលេខាលើភាពជាដៃគូជាផ្លូវការជាមួយមជ្ឈមណ្ឌលមហារីក OncoCare សិង្ហបុរី ដើម្បីពង្រឹងការថែទាំជំងឺមហារីកនៅកម្ពុជាដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខនៅក្នុងការពង្រឹងការព្យាបាលជំងឺមហារីកជូនប្រជាជនកម្ពុជាហើយភាពជាដៃគូនេះតំណាងឱ្យការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការលើកកម្ពស់ស្តង់ដារជំងឺមហារីក បង្កើនសមត្ថភាពវេជ្ជសាស្ត្រក្នុងស្រុក និងផ្តល់ការថែទាំជំងឺមហារីកកាន់តែងាយស្រួល និងមានតម្លៃសមរម្យដល់អ្នកជំងឺកម្ពុជា។

ថ្លែងនាឱកាសនេះ ឧកញ៉ា ពិន នេត្រា បានមានប្រសាសន៍ថា «ដោយសារករណីមហារីកកើនឡើងជារៀងរាល់ឆ្នាំ វេជ្ជសាស្រ្តកម្ពុជាត្រូវការការរួមសហការដ៏រឹងមាំជាមួយដៃគូអន្តរជាតិព្រោះភាពជាដៃគូនេះមិនត្រឹមតែជាការចែករំលែកការនាំអ្នកជំនាញមកកាន់ទីក្រុងភ្នំពេញប៉ុណ្ណោះទេ តែក៏ជាគោលដៅកសាងអនាគតប្រកបដោយចីរភាពសម្រាប់ជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងជំនាញដល់វេជ្ជបណ្ឌិតក្នុងស្រុក និងការកាត់បន្ថយសម្ពាធហិរញ្ញវត្ថុរបស់អ្នកជំងឺដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីសុំជំនួយ។»
សហស្ថាបនិក និងជាអគ្គនាយិការមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ SingMed បានបញ្ជាក់ថា ចំណុចស្នូលនៃភាពជាដៃគូនេះគឺការកសាងសមត្ថភាពសម្រាប់សហគមន៍វេជ្ជសាស្ត្ររបស់កម្ពុជាដើម្បីផ្តល់ជូន៖
- ការបណ្តុះបណ្តាលលើវិធីសាស្រ្តនៃការព្យាបាលជំងឺមហារីកទោះនៅដំណាក់កាលចុងក្រោយបំផុត
- ការពិភាក្សារួមគ្នាអំពីករណីជំងឺមហារីកស្មុគស្មាញ
- ការបង្កើនជំនាញក្នុងការរកឃើញ និងបង្ការនៅដំណាក់កាលដំបូង
- ការកំនត់បច្ចេកទេសវិនិច្ឆ័យ និងការព្យាបាលកម្រិតខ្ពស់
- ការណែនាំរយៈពេលវែង និងការអភិវឌ្ឍវិជ្ជាជីវៈ
ឧកញ៉ា ពិន នេត្រា រំពឹងថា ការផ្លាស់ប្តូរនេះធានាថាវេជ្ជបណ្ឌិតកម្ពុជាបន្តរីកចម្រើនខាងចំណេះដឹង ទំនុកចិត្ត និងសមត្ថភាពជាអន្តរជាតិ ដែលនាំឱ្យមានការថែទាំជំងឺមហារីកកាន់តែរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ។
SingMed មានការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាវេជ្ជសាស្ត្រកម្រិតខ្ពស់នៅកម្ពុជា និងសង្ឃឹមថាកិច្ចសហការនេះគាំទ្រដល់បេសកកម្មដ៏ទូលំទូលាយរបស់ SingMed ក្នុងការក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលជំរុញដោយគុណភាព តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ។ ការពង្រីកសេវាជំងឺមហារីកស្របតាមផែនការអភិវឌ្ឍន៍ពហុដំណាក់កាលដែលរួមមានផ្នែកសង្គ្រោះបន្ទាន់ 24 ម៉ោងការវះកាត់ទូទៅ មជ្ឈមណ្ឌលលាងឈាម រោគស្ត្រី និង កុមារ និងការផ្តល់រូបភាពវេជ្ជសាស្រ្តកម្រិតខ្ពស់ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា SingMed គឺជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិឈានមុខគេមួយរបស់ប្រទេសកម្ពុជាដែលត្រូវបានសាងសង់ឡើងដោយផ្អែកលើស្តង់ដារថែទាំសុខភាពរបស់ប្រទេសសិង្ហបុរី ដោយត្រូវបានទទួលស្គាល់ដោយសារក្រុមវេជ្ជសាស្ត្រដែលគួរឱ្យទុកចិត្តការកំណត់តម្លៃប្រកបដោយតម្លាភាព ជាមួយបណ្តាញដៃគូវេជ្ជសាស្ត្រជាសកលដែលកំពុងរីកចម្រើន ។ SingMed ផ្តល់សេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមទាំងគ្លីនិកឯកទេស ការវះកាត់ ការថែទាំបន្ទាន់ ការធ្វើរោគវិនិច្ឆ័យ ការស្តារនីតិសម្បទា និងសេវាកម្មយន្តហោះពេទ្យសង្គ្រោះបន្ទាន់តាមរយៈ ASH-Charter។
ចំពោះ OncoCare គឺជាមជ្ឈមណ្ឌលឯកទេសជំងឺមហារីកឯកជនដ៏ធំមួយរបស់ប្រទេសសិង្ហបុរីដែលមានឈ្មោះល្បីឈានមុខគេនៅអាស៊ីដែលមានការផ្តល់ជូននូវការថែទាំជំងឺមហារីកកម្រិតខ្ពស់ និងឯកជនភាពតាមរយៈបណ្តាញមជ្ឈមណ្ឌល និងគ្លីនិកដែលកំពុងរីកចម្រើននៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហុងកុង និងហ្វីលីពីន ចាប់តាំងពីឆ្នាំ២០០៧ OncoCare បានផ្តល់ការព្យាបាលដែលមានមូលដ្ឋានលើអំនះអំណាងច្បាស់លាស់ការធ្វើរោគវិនិច្ឆ័យដ៏ជាក់លាក់ និងការថែទាំដោយក្តីមេត្តាករុណាដើម្បីគាំទ្រដល់អ្នកជំងឺគ្រប់ដំណាក់កាលនៃជំងឺមហារីក៕










