ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក Gautam Adani ត្រូវបានគេរាយការណ៍មានគម្រោងវិនិយោគទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងគម្រោងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI របស់ Google ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Alphabet ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

កាលពីខែតុលា ក្រុមហ៊ុនយក្សអាមេរិក Google បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យបញ្ញាសិប្បនិម្មិត នៅភាគខាងត្បួងរដ្ឋ Andhra Pradesh ដែលជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឥណ្ឌា។
យ៉ាងណាមិញ បើតាមលោក Jugeshinder Singh ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Adani Group បាននិយាយថា គម្រោងដ៏ធំរបស់ Google នេះ អាចនឹងមានការចូលរួមវិនិយោគពីសំណាក់ក្រុមហ៊ុន Adani Connex ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Adani Enterprises និងប្រតិបត្តិករមជ្ឈមណ្ឌលផ្ទុកទិន្នឯកជន EdgeConneX សម្រាប់ទឹកប្រាក់វិនិយោគ ៥ពាន់លានដុល្លារ។
លើសពីនេះ លោក Singh បានប្រាប់អ្នកយកព័ត៌មានទៀតថា ៖”វាមិនមែនគ្រាន់តែ Google ទេ មានភាគីជាច្រើនដែលចង់ធ្វើការជាមួយយើង ជាពិសេសនៅពេលដែលសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យកើនឡើងដល់ទំហំជីហ្គាវ៉ាត់ និងខ្ពស់ជាងនេះ”។
ជម្រាបជូនផងដែរថាទាំងលោក Gautam Adani និង Mukesh Ambani ដែលជាកំពូលមហាសេដ្ឋីមានដាច់គរបស់ឥណ្ឌា ទាំងពីរ សុទ្ធសឹងតែបានបង្ហាញពីគោលបំណងវិនិយោគនៅក្នុងសមត្ថភាពមជ្ឈមណ្ឌលផ្ទុកទិន្នន័យផងដែរ ចំពេលកំពុងមានការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា AI៕

