ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយ ៥ពាន់លានដុល្លារ វិនិយោគក្នុង Google

អន្តរជាតិ

ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក Gautam Adani ត្រូវបានគេរាយការណ៍មានគម្រោងវិនិយោគទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងគម្រោងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI របស់ Google ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Alphabet ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែតុលា ក្រុមហ៊ុនយក្សអាមេរិក Google បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យបញ្ញាសិប្បនិម្មិត នៅភាគខាងត្បួងរដ្ឋ Andhra Pradesh ដែលជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ បើតាមលោក Jugeshinder Singh ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Adani Group បាននិយាយថា គម្រោងដ៏ធំរបស់ Google នេះ​ អាចនឹងមានការចូលរួមវិនិយោគពីសំណាក់ក្រុមហ៊ុន Adani Connex ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Adani Enterprises និងប្រតិបត្តិករមជ្ឈមណ្ឌលផ្ទុកទិន្នឯកជន EdgeConneX សម្រាប់ទឹកប្រាក់វិនិយោគ ៥ពាន់លានដុល្លារ។

លើសពីនេះ លោក Singh បានប្រាប់អ្នកយកព័ត៌មានទៀតថា ៖”វាមិនមែនគ្រាន់តែ Google ទេ មានភាគីជាច្រើនដែលចង់ធ្វើការជាមួយយើង ជាពិសេសនៅពេលដែលសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យកើនឡើងដល់ទំហំជីហ្គាវ៉ាត់ និងខ្ពស់ជាងនេះ”។

ជម្រាបជូនផងដែរថាទាំងលោក Gautam Adani និង Mukesh Ambani ដែលជាកំពូលមហាសេដ្ឋីមានដាច់គរបស់ឥណ្ឌា ទាំងពីរ សុទ្ធសឹងតែបានបង្ហាញពីគោលបំណងវិនិយោគនៅក្នុងសមត្ថភាពមជ្ឈមណ្ឌលផ្ទុកទិន្នន័យផងដែរ ចំពេលកំពុងមានការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា AI៕