World Bank បើកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារពិភពលោក (World Bank) បានចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពមួយសម្រាប់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដោយបើកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោកស្រី Tania Meyer នាយិកាធនាគារពិភពលោក (WB) ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកស្រីនាយិកាធនាគារពិភពលោក​ (World Bank) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារ ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងធំៗ និងសំខាន់ជាច្រើនក្នុងប្រទេស រួមទាំងលទ្ធផលសិក្សាពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងអាជីវកម្មនៅនឹងកន្លែង។

តាមរយៈលទ្ធផលកន្លងមក ដោយមានកិច្ចសហការល្អពីរាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារពិភពលោក​ (WB) បានលើកពីគម្រោងរបស់ធនាគារដែលអាចគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតភាពជាដៃគូរវាងធនាគារពិភពលោក និងក្រសួងទេសចរណ៍។

ជាការឆ្លើយតប លោក ហួត ហាក់ បានអរគុណដល់លោកស្រីនាយិកាដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសលើការចូលរួមជួយសហគមន៍អេកូទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា។

ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦.៧លាននាក់ កើនឡើង ២២.៩% ទេសចរជាតិមានចំនួន ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩.៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។ ដោយឡែក បើគិតក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

បើយោងតាមប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តីធ្លាប់បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃវិស័យទេសចរណ៍ ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់៕