នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) ដឹកនាំដោយលោក កែប ជុតិមា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) ដឹកនាំដោយ លោក អង្គវង្ស វឌ្ឍានា បានជួបប្រជុំពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា បានលើកឡើងថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រយៈពេលជាង ២៥ឆ្នាំមកនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ប៉ុន្តែការអនុវត្តជាក់ស្តែងតម្រូវឱ្យមានការកែលម្អបទប្បញ្ញត្តិមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំរដ្ឋបាលមូលដ្ឋាន។
លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ដែលមាន ២មាត្រានេះ ធ្វើឡើងលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការកែប្រែប្រព័ន្ធបោះឆ្នោត ឬរូបមន្តបែងចែកអាសនៈឡើយ ប៉ុន្តែផ្តោតលើការកែប្រែមាត្រាចំនួន៤ (មាត្រា៣៣ ៣៤ ៣៥ និង៣៨) ដើម្បីពង្រឹងអភិបាលកិច្ច ស្ថិរភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលត្រូវអនុវត្តចាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ តទៅ។

បន្ទាប់ពីបានពិភាក្សាយ៉ាងលម្អិត លោក កែប ជុតិមា ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការជំនាញរដ្ឋសភា បានសម្តែងការគាំទ្រលើសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែនោះឡើយ។ ជាលទ្ធផល គណៈកម្មការទី៤ និងទី៦ នឹងធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕


