ក្រុមហ៊ុនអាម៉េរិកធំៗ ស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោកTed Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ បានបង្ហាញបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើនទៀតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបខាងលើ លោកTed Osius បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង​-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ លោកក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និងវិស័យឯកជន។

ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន​ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ និងបានជម្រាបជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ, គណៈប្រតិភូក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖ សុខាភិបាល, ទេសចរណ៍និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារនិងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។ បន្ថែមពីនេះ, តំណាងក្រុមហ៊ុនវិនិយោគ ក៏បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែម ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។

សម្ដេច ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីការបន្តរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតីក៏បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង​-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕