ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា ក្រោមឥណទាន និងជំនួយរបស់ចិន មានទំហំសរុប ជាង ៣ ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដែលបានសាងសង់រួច និងកំពុងសាងសង់ ក្រោមក្រោមឥណទាន និងជំនួយឥតសំណងរបស់ចិន មានទំហំសរុប ជាង ៣ ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុង ពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានបង្ហាញឱ្យឃើញអំពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។

ជាមួយគ្នានោះ ចំពោះគម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការវិញ លោកថា មានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៧៥.៨៧លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។

លោកបានអះអាងបន្តថា៖« ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារអាមេរិក»។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះដែរ លោក ស៊ុន ចាន់ថុល ក៏បានឱ្យដឹងពីអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន។

យ៉ាងណាមិញ ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនចិន បញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។ បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយ ដែលលោកបានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះថែមទៀត៕​ អត្ថបទ៖ រង្សី