រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បង្គាប់ឲ្យលោក ជីវ កេង ទទួលបន្ទុកជាប្រធានតុលាការកំពូលបណ្តោះអាសន្ន

សង្គម​និង​សេដ្ឋកិច្ច

ប៉ុន្មានថ្ងៃក្រោយលោក ឌិត មុន្ទីរ ប្រធានតុលាការកំពូល ដាក់ពាក្យលាឈប់ពីតួនាទីប្រធានតុលាការកំពូល ក្រោមហេតុផលអាយុកាន់តែច្រើន និងបញ្ហាសុខភាព នាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្តីទីតុលាការកំពូលជាបណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការបង្គាន់មកឲ្យលោក ជីវ កេង អនុប្រធានតុលាការកំពូលបច្ចុប្បន្នឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។

ក្នុងលិខិតបង្គាប់ការលោក កើត​ រិទ្ធ ណែនាំឲ្យលោក ជីវ កេង អនុវត្តនូវលិខិតបង្គាប់ការនេះឲ្យមានប្រសិទ្ធភាពបំផុត។

លោកជីវ កេង ជាអតីតប្រ​ធាន​តុលា​ការ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ អស់​រយៈ​ពេល​ពីរ​អាណត្តិ​ ដែលដាក់ជំនួសមកវិញដោយ​លោក អាំង មាលតី ដែល​ជា​អតីត​ប្រធាន​តុលាការ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ កាល​ពីថ្ងៃ​ទី២១ មេសា​ ឆ្នាំ២០១៤។

លោក ជីវ កេង ក៏មានកូនប្រុសម្នាក់ផងដែរជានាយកសាលា​ភូមិន្ទ​ចៅក្រម​នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិការ គឺលោក កេង សុម៉ារិទ្ធ។ ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្នកូនប្រុសរបស់អនុប្រធានតុលាការកំពូលនេះ មានមុខតំណែងនៅ​ក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ ដែលផ្ទេរមកពីចៅក្រមសាលាដំបូងខេត្តកណ្ដាល៕