កម្ពុជា-សិង្ហបុរី បានសម្រេចចុះពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)បានធ្វើឡើងកាលថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៦ រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ គឺបានផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ។
ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពលនៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងទៀតថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។
សូមជម្រាបដែរថា តាមរយៈអនុស្សាណៈនេះ ក្រសួងទេសចរណ៍មានទំនុកចិត្តថា នឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនេះផងដែរ៕ អត្ថបទ៖ហ្សាលីន

