អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានស្នើសុំ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បង្កើតគណៈកម្មការមួយ សម្រាប់ត្រួតពិនិត្យកែធ្វើកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម ចូលមកកាន់ប្រទេសកម្ពុជា។

សំណូមពររបស់អ្នកឧកញ៉ា គិត ម៉េង ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងឱកាសដែលអ្នកឧកញ៉ាចូលរួមសហដឹកនាំ ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការរៀបចំវេទិការស្តីពីពន្ធដារ ដែលសហដឹកនាំដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធាននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែករដ្ឋាភិបាល។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងនៃកិច្ចប្រជុំ និងវេទិការនេះគឺដើម្បី៖ ១. ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមសេសសល់ និងបញ្ហាប្រឈមនានាដែលស្នើឡើងដោយផ្នែកឯកជនពាក់ព័ន្ធនឹងសមត្ថកិច្ចពន្ធដារ។ ២. ត្រៀមសម្រាប់ការរៀបចំ “វេទិការស្តីពីពន្ធដារ” ដែលជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយ និងជជែកពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជាដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធ និងជាពិសេសទទួលយក និងដំណោះស្រាយនូវបញ្ហាប្រឈមពីផ្នែកឯកជន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលតាមរយៈយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានដើរតួនាទីយ៉ាងសំខាន់ដែលផ្នែកឯកជនប្រើប្រាស់យន្តការនេះ ដើម្បីលើកឡើងនូវបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ក្នុងន័យចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ។ បន្ថែមពីនេះ អ្នកឧកញ៉ាប្រធាន ក៏បានស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ ត្រូវធ្វើយ៉ាងណាការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាសហប្រធាននៃយន្តការភាពជាដៃគូ បង្កើតឱ្យមានគណៈកម្មការមួយ ដើរតួនាទីក្នុងការត្រួតពិនិត្យលើកែធ្វើកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ក្នុងន័យធ្វើយ៉ាងណាទាក់ទាញបន្ថែមទៀតអ្នកវិនិយោគចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យពន្ធដារដែលផ្នែកឯកជនបានលើកឡើងសរុបមានចំនួន ៥៦។ ក្នុងនោះបញ្ហាទាំងនោះមិនបានរាប់បញ្ចូល វិធានការទាំង ៥៦ ដែលបានដោះស្រាយរួចរាល់កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ៕








