ឆ្នាំ២០២៦ កម្ពុជា និងធនាគារពិភពលោក គ្រោងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

យោងសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ធនាគារពិភពលោកមានការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោកឆ្នាំ ២០២៥-២០២៩ (Country Partnership Framework CPF 2025-2029) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីឆ្លើយតបទៅតម្រូវការជាអាទិភាពរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, លោកស្រី ម៉ារីយ៉ាម សឺរមែន បានរាយការណ៍អំពីការវិភាគថ្មី “Country Growth and Jobs Report” ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមកក៏ដូចជា វាយតម្លៃអំពីកំណើន និងការងាររបស់ប្រទេសជាសមាជិក រួមទាំងកម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឱ្យចំគោលដៅជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍ដ៏ចម្បងរបស់ធនាគារពិភពលោក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation) ដើម្បី ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស ។

គួរឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៦ នេះ កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារអាម៉េរិក ហើយគ្រោងនឹងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់ ។ ជាមួយគ្នានេះ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយ បដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើវិស័យគន្លឹះដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័ស ទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្រប ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យ ថាមពល, និង ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការអភិវឌ្ឍមនុស្ស ជាដើម៕