លោក ហ៊ុន ម៉ាណែត បង្ហើបពីសមត្ថភាពអាចរៀបចំ និងតាក់តែងគោលនយោបាយសេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងនាមជាបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា លោកអាចរៀបចំ និងតាក់តែងគោលនយោបាយសេដ្ឋកិច្ចជាតិដើម្បីជំរុញការរីកចម្រើនរបស់ជាតិបាន តែលោកសារភាពថា មិនចេះយកអំណាចជារបររកស៊ី ឬរត់ការរកស៊ីឱ្យអ្នកណានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងអះអាងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

លោកបន្តថា លោកមិនដែលរត់ការរកស៊ីឱ្យអ្នកជំនួញណាម្នាក់នោះទេ ហើយកាន់តែមិនចេះថែមទៀតក្នុងការយកអំណាចដើម្បីជារបររកស៊ី។

ផ្ទុយទៅវិញ លោកបញ្ជាក់ថា រឿងរត់ការសុំដីឱ្យកងទ័ព រត់ការសុំដីឱ្យអតីតយុទ្ធជន រត់ការសុំគេឱ្យជួយសង់ផ្ទះឱ្យអតីតយុទ្ធជន លោកធ្វើ ហើយធ្វើបានច្រើនទៀត។

មានអាយុ ៤៤ឆ្នាំ ឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បង នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីវ័យក្មេងខាងគណបក្សប្រជាជនកម្ពុជា។ លោក ម៉ាណែត ជាកូនខ្មែរដំបូងដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។

ក្រៅ​ពី​មុខ​ជំនាញ​ទាំង​ពីរ​នេះ លោកក៏ធ្លាប់បានផ្ញើ​លិខិតមក​ពិគ្រោះ​យោបល់អំពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយសំបុត្រ ត្រូវបាន​បង្ហាញ​ជា​សាធារណៈកាលពីកន្លងទៅដោយសម្តេចនាយករដ្ឋមន្រ្តី។

លោកបានសរសេរ​ប្រាប់​ឪពុក​របស់​ខ្លួន​ថា សូម​កុំ​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ឱ្យ​សោះ ព្រោះ​វា​ជា​ការ​សម្ងាត់​របស់​ខ្លួន​ ពីរឿងការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដោយលោកសរសេរ​ក្នុង​សំបុត្រ​បញ្ជាក់​ថា អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ត្រូវ​មាន​គ្រឹះ​ខាង​ទាហាន សេដ្ឋកិច្ច និង​នយោបាយ​ជា​ចាំ​បាច់​៕