លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅសារមន្ទីរ Louvre ដ៏ល្បីល្បាញនាទីក្រុងប៉ារីស ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង។

ដំណើរទស្សនកិច្ចទៅកាន់សារមន្ទីរ Louvre នេះ គឺក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំ និងប្រតិភូ បានស្វែងយល់បន្ថែមអំពីសិល្បៈ វប្បធម៌ និងអរិយធម៌របស់ប្រទេសបារាំង ក៏ដូចជាតំបន់អឺរ៉ុប ជាពិសេសដំណើការវិវត្តនៃប្រវត្តិសាស្ត្រ និងការអភិរក្សសិល្បៈវប្បធម៌បារាំង ដើម្បីសិក្សាយកបទពិសោធន៍ទាំងនោះ មកចូលរួមប្រើប្រាស់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។
សូមបញ្ជាក់ថា សារមន្ទីរ Louvre គឺជាសារមន្ទីរសិល្បៈជាតិមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងជាសារមន្ទីរដែលធំជាងគេបំផុតនៅលើពិភពលោក។ សារមន្ទីរនេះមានទីតាំងស្ថិតនៅលើច្រាំងខាងស្តាំនៃទន្លេ Seine ក្នុងសង្កាត់ទី១ ទីក្រុងប៉ារីស និងជាទីកន្លែងប្រមូលផ្តុំស្នាដៃសិល្បៈលោកខាងលិចដ៏ល្បីល្បាញ និងច្រើនបំផុត ក្នុងនោះ រួមមានទាំង រូបគំនូរ Mona Lisa, Venus de Milo និង Winged Victory។
សូមបញ្ជាក់ថា លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូមកកាន់ប្រទេសបារាំង ដើម្បីរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីជាប្រវត្តិសាស្ត្រសម្រាប់តន្ត្រីកម្ពុជា “Rise for Khmer” នៅសាល Salle Pleyel នាទីក្រុងប៉ារីស កាលពីយប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥៕







