លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ឡៃ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងជួបគ្នានៅដើមសប្ដាហ៍ក្រោយនេះ នៅខេត្ដសៀមរាប ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឡៃ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
ក្រសួងការបរទេស បានឱ្យដឹងបន្ថែមទៀតថា កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២១នេះ នឹងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ ក៏នឹងផ្តល់នូវសន្ទុះថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ ដោយផ្អែកលើការជឿទុកចិត្ត គ្នាខ្ពស់ផ្នែកនយោបាយ រួមទាំងពង្រឹងបន្ថែមទៀតនូវស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕


