អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបើកឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅសាលពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលនេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលទស្សនាស្តង់ ក្រុមហ៊ុនសែលកាត (Cellcard) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រតិបត្តិករវិស័យទូរគមនាគមន៍ដ៏សំខាន់មួយនៅកម្ពុជា ក្នុងការចូលរួមនាំមកនូវសេវា 5G ផងដែរ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងបានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ។ អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា ដូចខាងក្រោម៖
-ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។
-រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង — បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។
-ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន — សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។
-ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល — សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។
-ការលើកកម្ពស់សេវាសាធារណៈ — e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
-ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ — សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។
សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសកម្ពុជា៕







