លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីនៃសង្គមនិយមវៀតណាមនៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថាការដាក់ឱ្យដំណើការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងតឹនណាមថ្ងៃនេះ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ក៏ដូចជាវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះវាបង្ហាញឱ្យឃើញច្បាស់នៅស្មារតីជឿទុកចិត្ត សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនិងច្រកទ្វារព្រំដែនខាងលើនេះ លោក ផាម មិញ ជិញ បានស្នើរដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងពីរប្រទេសត្រូវធ្វើកិច្ចសហការឱ្យបានល្អជាមួយគ្នា និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការងារចំនួន៥៖ទី១) ពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកឱ្យបានខ្លាំងក្លាបន្ថែមទៀតលើការគ្រប់គ្រងព្រំដែន,ទី២) លើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង ត្រួតពិនិត្យនិងការចរចារលើមុខទំនិញប្រកបដោយតម្លាភាព និងប្រសិទ្ធភាព, ទី៣)បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងលំហូរសេដ្ឋកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែន និងបញ្ចប់ឱ្យបានឆាប់ៗនៃការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឌីជីថល និងអគ្គិសនីដើម្បីតភ្ជាប់ជាមួយនិងច្រកទ្វារព្រំដែន, ទី៤)ពង្រឹងការតភ្ជាប់តំបន់និងកិច្ចសហប្រតិបត្តិការនៅតាមមូលដ្ឋាន ពិសេសរវាងខេត្តតៃនិញ ជាមួយនិងខេត្តព្រៃវែងក្នុងការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការផ្សារភ្ជាប់ជាមួយច្រកទ្វារព្រំដែន និងទី៥)ពង្រឹងតួនាទីរបស់ក្រុមហ៊ុន ពាណិជ្ជករ សមាគមធុរកិច្ចនៃប្រទេសទាំងពីរដើម្បីស្វែងរកឱកាសធ្វើកិច្ចសហការទ្វេភាគីឱ្យកាន់តែមានភាពទូលំទូលាយនៅពេលខាងមុខ។

លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងមានប្រសាសន៍ថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យបានសាងសង់នៅលើផ្ទៃដីសរុបជា ៨៩ពាន់ម៉ែត្រការ៉េ បានដោះស្រាយផលប៉ះពាល់ជូនដល់អ្នកពាក់ព័ន្ធរួចរាល់នៅឆ្នាំ២០២០ រួមមានអគារបំពេញបែបបទចេញ-ចូលចំនួន២ខ្នង អគាររដ្ឋបាលកំម្ពស់២ជាន់ចំនួន១ខ្នង អគារស្នាក់កំម្ពស់១ជាន់ចំនួន២ខ្នង អាហាររដ្ឋានចំនួន២ខ្នង អាងចម្រោះទឹកស្អាតចំនួន១ខ្នង ផ្ទៃចាក់បេតុងសរុប ៣៥ពាន់ម៉ែត្រការ៉េ របងបេតុង ប្រព័ន្ធបង្ហូរទឹក និងអំពូលសូឡា និងអំពូលសូឡាភ្លោះចំនួន៧៦ដើម។
លោកគូសបញ្ជាក់ថា “គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនមនុស្សដែលធ្វើដំណើចេញមានចំនួនសរុប៣ ៦៨៦នាក់ និងចំនួនមនុស្សឆ្លងកាត់ចូលមានចំនួន២ ១៥១នាក់ ។ចំណែកការដោះដូរពាណិជ្ជកម្មឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលដល់អាជីវករ ពាណិជ្ជករ ការដឹកជញ្ជូន និងការដោះដូរកសិផល រួមនិងទំនិញផ្សេងៗរួមាន ដំឡូងមី អំពៅ ស្វាយ បន្លែផ្លែឈើ គ្រឿងឧបភោគបរិភោគ និងគ្រឿងសំណង់ជាដើម”៕


