ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញផលប៉ះពាល់ដោយសារការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ មកលើការរៀនសូត្ររបស់កុមារកម្ពុជា លើខេត្ដចំនួន៦។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ បានឱ្យដឹងថា ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់។

ជាមួយគ្នានោះ ក្រសួងអប់រំក៏បានបញ្ជាក់ផងដែរ នូវខេត្ដដែលរងផលប៉ះពាល់ដល់ការបង្រៀន និងរៀន មានចំនួន៦ខេត្ដ មានដូចជា៖
១. ខេត្តព្រះវិហារ៖ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។
២. ខេត្តឧត្តរមានជ័យ៖ ខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ២៦០ ផ្អាកដំណើរការ និងប៉ះពាល់ ដល់ការសិក្សារបស់សិស្សចំនួន ៥៥,៧៣១នាក់ គ្រូបង្រៀនចំនួន ២,៣៤៤នាក់ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០ គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន ៨ ក្រុងសំរោងចំនួន ១២ ស្រុកអន្លង់វែងចំនួន ៤ និងស្រុកត្រពាំងប្រាសាទចំនួន ៨។
៣. ខេត្តបន្ទាយមានជ័យ៖ សាលារៀនសរុប ១៨៦ ក្នុងក្រុង ស្រុកចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការ សិក្សារបស់សិស្សចំនួន ៥៨,៧៥៤នាក់ គ្រូបង្រៀនចំនួន ១,៧៩០នាក់។
៤. ខេត្តពោធិ៍សាត់៖ សាលារៀនចំនួន ៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៨៩១នាក់ គ្រូបង្រៀនចំនួន ២០នាក់។ ក្នុងនោះ វិទ្យាល័យប្រម៉ោយ និងវត្តប្រម៉ោយ ត្រូវបានយកជាទីតាំងស្នាក់នៅ បណ្តោះអាសន្ន របស់ប្រជាពលរដ្ឋដែលភៀសសឹកមកពីឃុំថ្មដា។
៥, ខេត្តកោះកុង៖ សាលារៀនចំនួន ២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៥៥នាក់ គ្រូបង្រៀនចំនួន ៣នាក់។
៦. ខេត្តបាត់ដំបង៖ សាលារៀនក្នុងស្រុកចំនួន ៤ នៅខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ពុំទាន់ផ្អាកដំណើរការនៅឡើយទេ ប៉ុន្តែសិស្សអវត្តមានច្រើន៕






