សម្តេចតេជោ ហ៊ុន សែន ជឿថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់កិច្ចការអភិវឌ្ឍន៍សកល

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដោយជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តការរវាងកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់កិច្ចការអភិវឌ្ឍន៍សកលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ការថ្លែងឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះត្រូវបានធ្វើឡើង “កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃ​វេទិកាស្តី​ពីសកម្មភាពសកល សម្រាប់ការអភិវឌ្ឍរួម» នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈ​ប្រព័ន្ធវីដេអូដែលកិច្ចប្រជុំរៀបចំឡើងដោយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេច ហ៊ុន សែន បានបានថ្លែងថា ពិតណាស់ថា, យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែ ស្ថានភាព​សេដ្ឋកិច្ច និងការអភិឌ្ឍសកលបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និង ស្រួច​ស្រាល់​ឡើង​ៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច,សង្គម,និងបរិសា្ថន។

ដោយសម្តេច សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា៖« នៅក្នុង​បរិបទខាងលើនេះ, យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ សាធារណរដ្ឋ​ប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការ​បន្ត​លើក​ស្ទួយ​ពហុភាគី​និយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិត​ផ្តួចផ្តើម សន្តិសុខសកល (GSI)» ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែល​បាន​និង​កំពុង​ក្លាយ​ជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុង​ការ​ស្ដារ​សង្គម-សេដ្ឋកិច្ច ឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០»។

បន្ថែមពីនេះ សម្តេចបានយល់ឃើញថា«នៅក្នុង​បរិការណ៍​សកលបច្ចុប្បន្ន​ដែល​មាន​និន្នាការ​បែក​ខ្ញែក​ទៅ​ជាពហុប៉ូល, ការលើកកម្ពស់​ការជួយបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់អភិវឌ្ឍន៍ ពិត​ជា​មាន​ភាព​ចំបាច់ មិនអាចខ្វះបាន តាមរយៈ​ការដាក់​ចេញ​នូវ​សកម្មភាព​អនុវត្ត​ជាក់​ស្ដែង​លើ​ការ​អភិវឌ្ឍ​មូល​ធនមនុស្ស, កាត់បន្ថយ​គម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និងសកល, ការជំរុញការវិនិយោគ ដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំង​ការ​គាំទ្រ​ផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់​ឱ្យ​បាន​នូវ​កាលានុវត្ត​ភាព​នៅក្នុង​ប្រទេសនីមួយៗ»។

យ៉ាងណាមិញ នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិត​កំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង បានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)» ។ សម្តេចជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញ​បន្ថែម​ដល់​គំនិត​ផ្តួច​ផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ពិសី