សម្តេចតេជោ សូមឱ្យសប្បុរសជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកយកទៅចែកជូនកងទ័ព និងជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាល ខណៈសម្តេចតេជោ ក៏សូមឱ្យសប្បុរសជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកយកទៅចែកជូនកងទ័ព និងជនភៀសសឹកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ថា សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សម្តេចតេជោ ក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន ខណៈសម្តេចក៏អរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

សម្តេចតេជោបញ្ជាក់ថា៖«ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសុំជួយជាអំបុកល្អជាងជួយជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក»។

ជាថ្មីម្តងទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ទន្ទឹមគ្នានេះ សម្តេចតេជោថា ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន៕ អត្ថបទ៖ហ្សាលីន