មន្ត្រីអាមេរិកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាមេរិកជាមួយឥណ្ឌូណេស៊ី អាចត្រូវដួលរលំ

អន្តរជាតិ

យោងតាមមន្ត្រីជាន់ខ្ពស់ងាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃទី៩ ខែធ្នូថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលសម្រេចបានជាមួយប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដាកន្លងទៅនោះ កំពុងប្រឈមមុខទៅនឹងការដួលរលំវិញ ដោយសារតែទីក្រុងហ្សាការតា ហាក់ងាករេលើការប្តេជ្ញាចិត្តជាច្រើនដែលខ្លួនបានធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីដដែលនោះដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានសង្កត់ធ្ងន់ថា ៖”ពួកគេកំពុងបដិសេធអ្វីដែលយើងបានព្រមព្រៀងគ្នាក្នុងខែកក្កដា”។ ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីរូបនេះ​ ហាក់មិនបានបញ្ជាក់លម្អិតថាការប្តេជ្ញាចិត្តណាមួយដែលឥណ្ឌូណេស៊ី មិនអាចបំពេញតាមបាននៅឡើយនោះទេ។

មិនតែប៉ុណ្ណោះ នៅពេលសួរអំពីការលើកឡើងខាងលើនេះ មន្ត្រីឥណ្ឌូណេស៊ី បានចេញមុខឆ្លើយតបវិញ នៅថ្ងៃពុធនេះថា ការចរចារវាងភាគីទាំងពីរនៅតែបន្តដំណើរការទៅធម្មតា ដោយគ្មានបញ្ហាជាក់លាក់ណាមួយកើតឡើងក្នុងអំឡុងពេលចរចានោះទេ។

គួរឲ្យដឹងថា កាលពីខែកក្កដា តំណាងប្រទេសទាំងពីរបាននិយាយថា ឥណ្ឌូណេស៊ីបានយល់ព្រមលុបបំបាត់ពន្ធគយលើទំនិញជាង ៩៩% របស់សហរដ្ឋអាមេរិក និងលុបចោលរបាំងមិនមែនពន្ធទាំងអស់ដែលក្រុមហ៊ុនអាមេរិកកំពុងប្រឈមមុខ ខណៈដែលសហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធគំរាមកំហែងលើផលិតផលឥណ្ឌូណេស៊ី មកត្រឹម ១៩% ពីកម្រិត ៣២%។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាលើកដំបូងអំពីកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៥ ខែកក្កដា ដោយហៅវាថា “ជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា កម្មករ កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតរបស់អាមេរិក”។

ប៉ុន្តែទន្ទឹមនឹងនោះ មន្ត្រីឥណ្ឌូណេស៊ីបានប្រាប់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ថា ទីក្រុងហ្សាការតាមិនអាចយល់ព្រមចំពោះការប្តេជ្ញាចិត្តមួយចំនួនបានទេ ហើយចង់រៀបចំឡើងវិញនូវកិច្ចព្រមព្រៀងទាំងនោះ៕​