លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតដល់លោក ហុង លីម ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើកម្មវិធីប្រឡងគណិតវិទ្យាអង្គរ (Angkor Mathematics Competition) ដែលមានសិស្ស ២៥ប្រទេសចូលរួម នឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៥ នាពេលខាងមុខនេះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្រ្តី បានឯកភាពលើសំណូមពររបស់លោកប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានលើកឡើងអំពីការស្នើសុំកំណត់គោលដៅទេសចរណ៍សម្រាប់សមាគមក្នុងការរៀបចំដំណើរកម្សាន្តសម្រាប់សិស្ស និងបុគ្គលិកប្រចាំឆ្នាំក្នុងរដូវកាលបៃតង, ការស្នើសុំការចុះអនុស្សរណៈយោគយល់រវាងសមាគម និងក្រសួងទេសចរណ៍។ ជាពិសេសលោករដ្ឋមន្រ្តី ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីប្រឡងគណិតវិទ្យាអង្គរដែលមានសិស្ស២៥ប្រទេសចូលរួម នាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានចូលរួមគាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង នាពេលកន្លងមក ព្រមទាំងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់សមាជិកចំនួន ១៣១ស្ថាប័ន ជាសាលាឯកជន, មជ្ឈមណ្ឌលបណ្តុះបណ្តាល, អង្គការមិនមែនរដ្ឋាភិបាល នៅតាម ១៨ខេត្ត ក្រុងផងដែរ។
លោកក៏បានស្នើដល់សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា បន្តគាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង នៅឆ្នាំ២០២៦, ការរៀបចំព្រឹត្តិការណ៍ ឬរៀបចំកញ្ចប់ទស្សនកិច្ច និងវិស្សមកាលរបស់សិស្ស និងនិស្សិត ក្នុងស្រុក និងមកពីបរទេស នៅរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា) ជាពិសេសស្នើសុំបន្តចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់បណ្តាជាដៃគូទាំងក្នុង និងក្រៅប្រទេសឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕



