សម្តេចប៉ាប Leo XIV (លីអូទី១៤) កាលពីថ្ងៃទី១០ ខែធ្នូ បានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់នូវការផ្ទះឡើងវិញនៃជម្លោះតាមព្រំដែនថៃ-កម្ពូជា ជាកន្លែងដែលមានការប៉ះទង្គិចគ្នាថ្មីៗនេះ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស រួមទាំងជនស៊ីវិល ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vatican News។

ដោយថ្លែងប្រាប់ទៅកាន់អ្នកកាន់សាសនាដែលបានប្រមូលផ្តូំគ្នាសម្រាប់អង្គប្រជុំទូទៅ នៅទីលាន St. Peter’s Square នៃបុរីវ៉ាទីកង់ សម្តេចប៉ាបបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះព័ត៌មានដែលបានរាយការណ៍អំពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរចេញពីតំបន់មានជម្លោះនេះ។
មិនតែប៉ុណ្ណោះ សម្តេចបានមានព្រះបន្ទូលថា ៖” ខ្ញុំមានការសោកសៅយ៉ាងខ្លាំងចំពោះដំណឹងនៃការកើតមានជម្លោះឡើងវិញតាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ មានអ្នកស្លាប់ និងរបួស រួមទាំងក្នុងចំណោមជនស៊ីវិលផងដែរថា ហើយមនុស្សរាប់ពាន់នាក់ត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ខ្ញុំសូមបង្ហាញពីភាពសិទ្ធស្នាលរបស់ខ្ញុំក្នុងការអធិស្ឋានដល់ប្រទេសប្រជាជនជាទីស្រលាញ់ទាំងនេះ”។
មិនតែប៉ុណ្ណោះ សម្តេចប៉ាប ក៏បានបង្ហាញភាពសោកស្តាយចំពោះការកើនឡើងនៃភាពតានតឹងទាំងនេះ ហើយបានស្នើសុំឱ្យភាគីនានា បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងបន្តការសន្ទនាឡើងវិញ។
ជម្រាបជូនថា ភាពតានតឹងរវាងកម្ពុជា និងថៃ បានផ្ទុះឡើងជាថ្មីម្តងទៀត នៅថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីកងកម្លាំងរបស់ប្រទេសថៃ បានបើកការវាយប្រហារមកលើកម្ពូជានៅតាមបណ្តោយព្រំដែនដែលមានជម្លោះស្រាប់ រហូតធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ នឹងបានបើកការវាយប្រហារតបតវិញ៕

