កាលពី ១០ ឆ្នាំមុន Elon Musk ធ្លាប់​ត្រូវបាន​មហាសេដ្ឋី​ម្នាក់​បាញ់​ចំៗ​ថា Tesla មិនអាច​ជោគជ័យ​ឡើយ

អន្តរជាតិ

បើនិយាយ​ពី​សហគ្រិន​ដែល​ទទួល​បាន​ភាព​ជោគជ័យ​បំផុត​សព្វថ្ងៃ​នេះ Elon Musk ប្រហែលជា​បុគ្គល​ដែល​គ្រប់គ្នា​នឹក​ឃើញ​មុន​គេ​ជា​មិនខាន ព្រោះ​តាំងពី​ក្មេង​ មហាសេដ្ឋី​ម្នាក់​នេះ​បាន​បង្កើត​ស្នាដៃ​ជាច្រើន​រាប់​មិនអស់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មុន​នឹង​ទទួល​បាន​ងារ​ជា​បុគ្គល​ជោគជ័យ និង​មាន​បំផុត​លើ​លោក Elon Musk ក៏​ធ្លាប់​ត្រូវបាន​មហាសេដ្ឋី​ម្នាក់​បំបាក់​ទឹកចិត្ត​ផង​ដែរ​កាលពី​ជាង ១០ ឆ្នាំ​មុន ដោយ​បាន​និយាយ​ចំៗ​ថា Tesla នឹង​មិន​អាច​ជោគជ័យ​បាន​ឡើយ។

ដោយឡែក មហាសេដ្ឋី​ដែល​និយាយ​បែបនេះ​ទៅ​កាន់ Musk គឺ​​ជា​ Charlie Munger អនុប្រធាន​ក្រុមហ៊ុន Berkshire Hathaway ដែល​ជា​ក្រុមហ៊ុន​របស់​បិតា​វិនិយោគិន Warren Buffet។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី Elon Musk។

“នៅក្នុង​ឆ្នាំ ២០០៩ ខ្ញុំ​បាន​ញាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​ Munger ហើយ​គ្រានោះ​គាត់​បាន​ប្រាប់​គ្រប់គ្នា​នៅ​ទីនោះ​ថា Tesla នឹង​បរាជ័យ។ វាពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​អន់ចិត្ត​ជាខ្លាំង ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​យល់ស្រប​ជាមួយ​ហេតុផល​ដែល​គាត់​បាន​និយាយ​ថា​ពួកយើង​ប្រហែលជា​មិនអាច​ជោគជ័យ តែ​វា​ក៏​សម​ល្មម​អាច​ឲ្យ​យើង​សាកល្បង​វា​មួយ​ក្ដារ​ដែរ”។

ជាង ១០ ឆ្នាំ​ក្រោយ Tesla បាន​ក្លាយជា​ក្រុមហ៊ុន​ធំ​បំផុត​ទី ៦ នៅ​អាមេរិក​ដែល​មាន​តម្លៃ​មូលធន​ទីផ្សារ​ឡើង​ដល់ ១ ទ្រីលាន​ដុល្លារ ខណៈ Elon Musk ដែល​ជា CEO មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៤៥,៥ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍​ ខណៈ Berkshire Hathaway នៅ​មិនទាន់​ឈាន​ដល់​ចំណុច​កំពូល​នេះ​នៅឡើយ៕

ប្រភព: entrepreneur