ក្រុមហ៊ុនមួយរបស់ចិន ចាប់អារម្មណ៍វិនិយោគក្នុងឧស្សាហកម្មឈើដាំនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd មកពីខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ គណៈប្រតិភូក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

លោកអគ្គលេខាធិការបានលើកឡើងអំពីបរិយាកាសវិនិយោគនិងធុរកិច្ចជារួមនៅកម្ពុជា ចាប់ពីកំណើននៃការវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃគម្រោងវិនិយោគក្នុងវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងសង្ហារិម។ល។ 

លោកប្រធានគណៈប្រតិភូក្រុមហ៊ុន បានមើលឃើញថាកម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកបន្តថា គោលបំណងនៃទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។ លោកបានបន្ថែមថា តាមការសិក្សារបស់លោក កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់សម្រាប់ឧស្សាហកម្មឈើដាំដោយសារភាពអំណោយផលនៃអាកាសធាតុ សណ្ឋានដី ទឹក និងមានផ្ទៃដីនៅសល់សម្រាប់ការដាំឈើ។

ជាការឆ្លើយតប លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះបច្ចុប្បន្នកម្ពុជាបាននាំចូលវត្ថុធាតុដើមជាឈើពីក្រៅប្រទេសសម្រាប់យកមកកែច្នៃជាគ្រឿងសង្ហារិម ហើយម្យ៉ាងទៀតយោងតាមច្បាប់វិនិយោគ និងបទដ្ឋានគតិយុត្តិផ្សេងៗ គម្រោងប្រភេទនេះទទួលបានការលើកទឹកចិត្ត។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគក្នុងវិស័យដែលកំពុងមានសក្តានុពលនេះដើម្បីអាចឈានទៅទទួលបាននូវផលចំណេញទាំងអស់គ្នានាពេលខាងមុខដ៏ខ្លី។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យសុំចុះបញ្ជីគម្រោងវិនិយោគពីសំណាក់ក្រុមហ៊ុនដោយក្តីរីករាយបំផុត។

គួរឱ្យដឹងថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោង វិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក គឺចំនួន គម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើន ឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤៕