ប្រទេសប៊ូតាន កាលពីពេលថ្មីៗនេះ បានប្រកាសបោះលុយវិនិយោគចំនួន ១ពាន់លានដុល្លារ ទៅក្នុងកាក់ឌីជីថល Bitcoin ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្បែរព្រំដែនរបស់ខ្លួនជាមួយប្រទេសឥណ្ឌា ដែលមានឈ្មោះថា “Gelephu City of Mindfulness”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងអំឡុងពេលប្រារព្ធទិវាជាតិរបស់ប្រទេស កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck បានប្រកាសពីការបែងចែកទឹកប្រាក់មួយចំនួនធំ ដើម្បីវិនិយោគនៅក្នុងទីក្រុង Gelephu Mindfulness (GMC) ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសនេះ។
មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ Wangchuck បានថ្លែងថា៖”ខ្ញុំត្រូវតែធានាថា ប្រជាពលរដ្ឋគ្រប់រូបនៃប្រទេសប៊ូតាន គឺជាអ្នកការពារ ជាម្ចាស់ភាគហ៊ុន និងជាអ្នកទទួលផលពីទីក្រុង GMC។ ហើយដើម្បីគាំទ្រគោលនយោបាយនេះ ថ្ងៃនេះខ្ញុំប្រកាសពីការបែងចែក កាក់ BTC (Bitcoin) ចំនួន ១០ ០០០ កាក់ ដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ទៅក្នុងទីក្រុង GMC។
គួរឲ្យដឹងផងដែរថា គំនិតផ្តួចផ្តើមនេះនឹងគាំទ្រដល់ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងភាពធន់របស់ជាតិ ខណៈពេលដែលវានឹងអនុញ្ញាតឱ្យប្រជាជនប៊ូតានមកពីគ្រប់តំបន់ទាំងអស់ចែករំលែកភាពជោគជ័យរបស់ GMC តាមរយៈគោលនយោបាយដីធ្លីថ្មី ដោយចាត់ទុកពួកគេជាអ្នកពាក់ព័ន្ធនៅក្នុងគម្រោងអភិវឌ្ឍនេះ។
ជម្រាបជូនផងដែរថា បើតាមលោក Jigdrel Sinngay សមាជិកក្រុមប្រឹក្សាភិបាលនៅទីក្រុង GMC បានថ្លែងថា ប្រទេសប៊ូតានមិនមានគម្រោងលក់កាក់ Bitcoin ទេ ប៉ុន្តែកំពុងរក្សាដើមទុនរបស់ខ្លួនដើម្បីរង់ចាំការកើនឡើងនៃតម្លៃនាពេលអនាគតរបស់កាត់ឌីជីថលប្រភេទនេះ។ ហើយជម្រើសនៃការប្រើប្រាស់កាក់ BTC ចំនួន ១០ ០០០ កាក់ នៅក្នុងគម្រោងនេះ នឹងត្រូវបានពិចារណាយ៉ាងប្រុងប្រយ័ត្នបំផុត រួមទាំងការបម្រុងទុក និងការអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យទាក់ទងទៅនឹងទ្រព្យសកម្មនេះ ជាដើម៕

