ជើងឯកកីឡាអូឡាំពិកថៃម្នាក់ ត្រូវចាប់ខ្លួនពីបទក្លែងបន្លំសន្លឹកឆ្នោត

អន្តរជាតិ

លោក Manus Boonjumnong ដែលត្រួវបានគេស្គាល់ថាជាកីឡាករប្រដាល់ដ៏ល្បីល្បាញ និងជាម្ចាស់មេដាយមាសអូឡាំពិក ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំសន្លឹកឆ្នោត បន្ទាប់ពីបានរត់គេចខ្លួនអស់រយៈពេលជាច្រើនខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Manus បច្ចុប្បន្នវ័យ ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ដោយនាយកដ្ឋានប្រឆាំងការក្លែងបន្លំរបស់ប៉ូលិសថៃ នៅផ្ទះមួយកន្លែងក្នុងខេត្ត Nonthaburi បន្ទាប់ពីមិនបានបង្ហាញខ្លួននៅតុលាការ ពីបទក្លែងបន្លំសន្លឹកឆ្នោត។

គួររំលឹកផងដែរថា នៅឆ្នាំ២០២១ លោក Manus ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពីសំណាក់មនុស្សជាច្រើន ដោយសន្យាថានឹងផ្តល់សំបុត្រឆ្នោតរដ្ឋាភិបាលដែលមានតម្លៃ ២លានបាត (ប្រហែល ៦៤ ០០០ដុល្លារ) ដល់ពួកគេ។ មិនតែប៉ុណ្ណោះ ជនជាប់ចោទរូបនេះ បានប្រាប់ជនរងគ្រោះទៀតថា សំបុត្រឆ្នោតទាំងនោះជារបស់មន្ត្រីជាន់ខ្ពស់ម្នាក់ ប៉ុន្តែមិនដែលផ្តល់សំបុត្រណាមួយដល់ពួកគេឡើយ។ ជនរងគ្រោះបាននិយាយថា Manus បានគេចវេះ នៅពេលដែលពួកគេព្យាយាមសុំប្រាក់របស់ពួកគេត្រលប់មកវិញ។

យ៉ាងណាមិញ ក្នុងអំឡុងពេលស៊ើបអង្កេត Manus ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ហើយកាលពីដើមឆ្នាំនេះ តុលាការស្រុកដុនមឿងបានកាត់ទោសលោក Manus ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ៩ខែ ប៉ុន្តែលោកមិនបានចូលបង្ហាញខ្លួននៅតុលាការដើម្បីស្តាប់សាលក្រមនោះទេ ដែលបង្ខំឱ្យចៅក្រមចេញដីកាចាប់ខ្លួនតែម្តង។ បន្ទាប់ពីការចាប់ខ្លួន លោក Manus ត្រូវបាននាំទៅកាន់តុលាការដុនមឿង ហើយបន្ទាប់មកត្រូវបានផ្ទេរទៅពន្ធនាគារពិសេសក្រុងបាងកកដើម្បីអនុវត្តទោស។

ជម្រាបជូនថា លោក Manus គឺជាអ្នកប្រដាល់ថៃដ៏ល្បីល្បាញ ជាអត្តពលិកដំបូងគេ និងតែមួយគត់មកពីប្រទេសនេះដែលបានឈ្នះមេដាយមាសអូឡាំពិកពីរដងក្នុងឆ្នាំ២០០៤ និង ២០០៨ រួមជាមួយនឹងមេដាយមាសកីឡា SEA Games ជាច្រើនទៀត៕​