ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងឈានដល់ការសម្រេចចិត្តចុងក្រោយ ដើម្បីបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ ដែលត្រូវបានចាត់ទុកថាជាវេលាដ៏សំខាន់មួយក្នុងការងាកទៅរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរវិញរបស់ប្រទេសជប៉ុន គិតចាប់តាំងពីមានមហន្តរាយ Fukushima ក្នុងឆ្នាំ២០១១ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនេះ មានទីតាំងស្ថិតនៅតំបន់ Kashiwazaki-Kariwa ដែលមានទីតាំងប្រហែល ២២០ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុងតូក្យូ គឺជារោងចក្រមួយដែលមានរ៉េអាក់ទ័រចំនួន ៥៤ ដែលត្រូវបានបិទដំណើរការទាំងស្រុង បន្ទាប់ពីមានគ្រោះរញ្ជយដី និងរលកយក្សស៊ូណាមិ ដែលបានបំផ្លាញរោងចក្រ Fukushima Daiichi ទាំងស្រុង និងជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត គិតចាប់តាំងពី Chernobyl មក។
យ៉ាងណាមិញ គិតចាប់តាំងពីពេលនោះមក ប្រទេសជប៉ុនបានចាប់ផ្តើមឡើងវិញនូវរ៉េអាក់ទ័រចំនួន ១៤ ក្នុងចំណោម ៣៣ ដែលនៅតែអាចធ្វើប្រតិបត្តិការបាន ខណៈដែលប្រទេសនេះ កំពុងព្យាយាមផ្តាច់ខ្លួនចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលនាំចូល។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Tokyo Electric Power Co (TEPCO) ដែលបានដំណើរការរោងចក្រ Fukushima លោក Masakatsu Takata បាននិយាយថា ៖”យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងមិនដែលមានគ្រោះថ្នាក់បែបនេះកើតឡើងម្តងទៀតឡើយ និងធានាថាប្រជាជននៅខេត្ត Niigata ថាពួកគេនឹងមិនអាចជួបប្រទះនឹងអ្វីដែលកើតឡើងស្រដៀងគ្នានោះទៀតឡើយ”។
ជម្រាបជូនផងដែរថា ប្រសិនបើគម្រោងនេះត្រូវបានអនុម័ត ក្រុមហ៊ុន TEPCO កំពុងពិចារណាធ្វើឱ្យរ៉េអាក់ទ័រដំបូងក្នុងចំណោមរ៉េអាក់ទ័រទាំងប្រាំពីរនៅរោងចក្រនេះសកម្មឡើងវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK៕

