ខេត្តចំនួន៦ នឹងទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ ៣២៣លានដុល្លារអាម៉េរិក ដែលភាគច្រើនមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម។នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៨ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១២គម្រោង (ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិតផលិតផលកម្ចាត់សត្វល្អិត, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់)។
សូមជម្រាបថា គម្រោងវិនិយោគទាំង១៣ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី៕ អត្ថបទ៖ហ្សាលីន


