ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអះអាងសារជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកត្រូវតែទទួលបានកោះ Greenland មកគ្រប់គ្រង សម្រាប់ហេតុផលសន្តិសុខជាតិ បន្ទាប់ពីបានតែងតាំងបេសកជនពិសេសសម្រាប់ដោះស្រាយទៅលើបញ្ហានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ដោយបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២២ ខែធ្នូលោក ត្រាំ បានលើកឡើងថា ៖”យើងត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិ មិនមែនសម្រាប់រ៉ែរបស់កោះនោះទេ។ ប្រសិនបើអ្នកក្រឡេកមើលតាមឆ្នេរសមុទ្រទាំងមូលនៃកោះ Greenland អ្នកនឹងឃើញនាវារុស្ស៊ី និងចិននៅគ្រប់ទីកន្លែង។ យើងត្រូវតែទទួលបានកោះ Greenland មកគ្រប់គ្រង”។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បាននិយាយទៀតផងដែរថា អភិបាលរដ្ឋ Louisiana លោក Jeff Landry ដែលទើបតែត្រូវបានតែងតាំងជាបេសកជនពិសេសសម្រាប់កោះ Greenland នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកោះនេះក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិក។
គួរឲ្យដឹងថាកោះ Greenland គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាងជើង ចន្លោះរវាងមហាសមុទ្រអាត្លង់ទិក និងអាកទិក។ កោះនេះ គឺជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក មានប្រជាជនចំនួន ៥៧ ០០០នាក់ និងមានផ្ទៃដីប្រហែល ២,១៦ លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋ Texas សហរដ្ឋអាមេរិកទៅទៀត។
ជម្រាបជូនផងដែរថា ចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានវិញ ប្រធានាធិបតី លោក ត្រាំ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើបំណងប្រាថ្នារបស់លោកសម្រាប់សហរដ្ឋអាមេរិកក្នុងការទិញកោះ Greenland នេះពីប្រទេសដាណឺម៉ាក។ ប៉ុន្តែបើតាមនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រីទីមួយរបស់កោះ Greenland លោក Jens-Frederik Nielsen បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់យ៉ាងច្បាស់ថាកោះនេះគឺមិនមែនសម្រាប់លក់នោះឡើយ៕

