ជាថ្មីម្តងទៀត លោក ត្រាំ ថាសហរដ្ឋអាមេរិក ត្រូវការកោះ Greenland មកគ្រប់គ្រង

អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអះអាងសារជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកត្រូវតែទទួលបានកោះ Greenland មកគ្រប់គ្រង សម្រាប់ហេតុផលសន្តិសុខជាតិ បន្ទាប់ពីបានតែងតាំងបេសកជនពិសេសសម្រាប់ដោះស្រាយទៅលើបញ្ហានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២២ ខែធ្នូលោក ត្រាំ​ បានលើកឡើងថា ៖”យើងត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិ មិនមែនសម្រាប់រ៉ែរបស់កោះនោះទេ។ ប្រសិនបើអ្នកក្រឡេកមើលតាមឆ្នេរសមុទ្រទាំងមូលនៃកោះ Greenland អ្នកនឹងឃើញនាវារុស្ស៊ី និងចិននៅគ្រប់ទីកន្លែង។ យើងត្រូវតែទទួលបានកោះ Greenland មកគ្រប់គ្រង”។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បាននិយាយទៀតផងដែរថា អភិបាលរដ្ឋ Louisiana លោក Jeff Landry ដែលទើបតែត្រូវបានតែងតាំងជាបេសកជនពិសេសសម្រាប់កោះ Greenland នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកោះនេះក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងថាកោះ Greenland គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាងជើង ចន្លោះរវាងមហាសមុទ្រអាត្លង់ទិក និងអាកទិក។ កោះនេះ គឺជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក មានប្រជាជនចំនួន ៥៧ ០០០នាក់ និងមានផ្ទៃដីប្រហែល ២,១៦ លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋ Texas សហរដ្ឋអាមេរិកទៅទៀត។

ជម្រាបជូនផងដែរថា ចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានវិញ ប្រធានាធិបតី លោក ត្រាំ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើបំណងប្រាថ្នារបស់លោកសម្រាប់សហរដ្ឋអាមេរិកក្នុងការទិញកោះ Greenland នេះពីប្រទេសដាណឺម៉ាក។ ប៉ុន្តែបើតាមនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី​ Mette Frederiksen និងនាយករដ្ឋមន្ត្រីទីមួយរបស់កោះ Greenland លោក Jens-Frederik Nielsen បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់យ៉ាងច្បាស់ថាកោះនេះគឺមិនមែនសម្រាប់លក់នោះឡើយ៕​