លោក Wang Ning ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pop Mart Internatinal Group ដែលផលិតតុក្កតាដ៏ល្បីល្បាញ Labubu ត្រូវបានគេរាយការណ៍ថា ចំនួនទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះអស់ប្រមាណ ១១,៣ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែបួនខែចុងក្រោយ ដោយសារតែមានការព្រួយបារម្ភអំពីដំណើរការរយៈពេលវែងនៃក្រុមហ៊ុន។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន លោក Wang មានទ្រព្យសម្បត្តិសរុប ១៦,៣ពាន់លានដុល្លារ ដែលធ្លាក់ចុះអស់ ៤១% ពីខែសីហា ពោលគឺក្រោយពេលលោកមានចំនួនទ្រព្យសម្បត្តិហក់ឡើងខ្ពស់លើមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះដ៏ធំនេះ ត្រូវបានគេរាយការណ៍ថា ដោយសារតែមានបញ្ហាប្រឈមមុខជាច្រើនរបស់ក្រុមហ៊ុន Pop Mart នៅពេលដែលកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រួវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល ៣០% បើធៀបទៅនឹងកាប៉ាន់ ២០០% នៅឆ្នាំនេះ។
លើសពីនេះទៅទៀត តម្លៃភាគហ៊ុនរបស់ Pop Mart ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដល់ ៤០% មកនៅត្រឹមប្រហែលជាង ២៥ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ សម្រាប់រយៈពេលនេះ៕

