ក្រុមហ៊ុនរថយន្តខ្នាតយក្សចិន មួយទៀតហើយ គ្រោងវាយលុកចូលក្នុងទីផ្សារប្រទេសថៃ

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយរបស់ចិន Geely ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដំណាក់កាលដំបូង ជុំវិញការរៀបចំផែនការ ក្នុងការដើរចូលទីផ្សារថយន្តអគ្គិសនី របស់ប្រទេសថៃ សម្រាប់ការនាំចូល និងការផលិតនៅក្នុងប្រទេសនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Narit Therdteerasukdi អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ បាននិយាយថា ស្ថាប័នរបស់ខ្លួន បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនចំនួន ៥ រួមទាំងក្រុមហ៊ុន Geely ផងដែរ អំឡុងព្រឹត្តិការណ៍សំខាន់មួយ ចំពោះការបើកបង្ហាញផ្លូវទៅកាន់ប្រទេសចិន កាលពីខែមេសា ។

មិនតែប៉ុណ្ណោះ លោក Narit បានលើកបង្ហាញបន្ថែមអំពីកិច្ចពិភាក្សាជាមួយក្រុមហ៊ុនកំពូលៗរបស់ចិនទាំងនោះថា ៖ ” ពួកគេសុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះគោលនយោបាយរបស់ប្រទេសថៃ ក្នុងការអភិវឌ្ឍទៅលើមូលដ្ឋានផលិតកម្មរថយន្តអគ្គិសនី នៅក្នុងតំបន់ និងខ្សែសង្វាក់ផ្គត់ផ្គត់ EV រួមបញ្ចូលគ្នា ” ។

គួរឱ្យដឹងថា ប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេទី ១០ លើពិភពលោក ក្នុងរយ:ពេលចុងក្រោយនេះ កំពុងស្វែងរកការវិនិយោគថ្មីៗ នៅពេលរដ្ឋាភិបាលថៃ កំពុងព្យាយាមស្វែងរកការការពារ និងធ្វើចម្រុះកម្មលើមូលដ្ឋានផលិតកម្មរថយន្តក្នុងទីផ្សាររបស់ខ្លួន បន្ទាប់ពីមានការពឹងផ្អែកខ្លាំងតែទៅលើម៉ាកយីហោរបស់ជប៉ុន និងរថយន្តប្រើចំហេះឥន្ធន: ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃ មានគោលបំណងក្នុងការបំប្លែងប្រហែល ៣០% នៃផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួន ដែលចំនួនសរុប ២,៥ លានគ្រឿង ឱ្យទៅជារថយន្តអគ្គិសនី នៅត្រឹមឆ្នាំ ២០៣០ ស្របពេលក្រុមហ៊ុនខ្នាតយក្សចិនមួយចំនួនដូចជា BYD និង Great Wall Motor កំពុងធ្វើការ លើការសាងសង់រោងចក្រផលិតកម្មរថយន្ត EV របស់ខ្លួន នៅប្រទេសថៃរួចហើយ៕