ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន (Sailun Tire Cambodia) បានរួមចំណែកដ៏ធំធេងក្នុងការជួយឱ្យកម្ពុជា ទទួលចំណូលបានជាង ១ ២១៩លានដុល្លារ កើនឡើង៥៧.៨៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ក្នុងការនាំចេញសំបកកង់រថយន្ដ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥នេះ។

តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកជំនាញលើផ្នែកពាណិជ្ជកម្ម បានឱ្យដឹងថា ការកើនឡើងនេះ ដោយសារតែមានការទាក់ទាញវិនិយោគ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យរោងចក្រផលិតសំបកកង់រថយន្ដ មកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាឈានដល់ការនាំចេញសំបកកង់រថយន្ដ។
ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដីជាង ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ប៉ុន្តែមកដល់ឆ្នាំ២០២៥នេះ បានបង្កើនទុនវិនិយោគដល់ជាង ១,០០០លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី លើផលិតផលសំបកកង់ម៉ាក «Sailun»។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន គិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥នេះ៕






