ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ Interim Progress Report នៃគម្រោងផ្លូវជាតិលេខ៨ ឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គម្រោង តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលើ Interim Progress Report ការប្រមូលធាតុចូលបន្ថែម ការពិនិត្យលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពន្លឿនការងារគម្រោងសាងសង់ផ្លូវជាតិលេខ៨ នេះឱ្យបានកាន់តែឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានមករាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងបានផ្តល់នូវធាតុចូល និងចំណុចពិចារណាសំខាន់ៗមួយចំនួន ដែលនឹងចូលរួមចំណែកឱ្យការរៀបចំគម្រោងនេះកាន់តែមានលក្ខណៈល្អប្រសើរ មានភាពគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សមស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់ប្រទេស និងតំបន់។
សូមបញ្ជាក់ជូនថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៨ មានចំណុចចាប់ផ្ដើមពីរង្វង់មូលព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ភ្ជាប់ទៅចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានផ្លូវខ្នែង លេខ៨៨ ភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម(ម៉ឺនជ័យ-តឺនណាម) មានប្រវែងសរុប ១២៩គីឡូម៉ែត៕ អត្ថបទ៖អត្ថបទ៖ហ្សាលីន

