លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានថ្លែងថា កម្ពុជាមិនអាចជាប្រទេសចាំតែទទួលយកស្តង់ដាអន្តរជាតិនោះទេ តែកម្ពុជាចង់ក្លាយជាប្រទេសដែលចូលរួមសកម្ម និងបុរេសកម្មក្នុងការអភិវឌ្ឍស្តង់ដាអន្តរជាតិ ស្របពេលថ្មីៗនេះ IEC បានគាំទ្រសមាជិកភាពរបស់កម្ពុជា និងថា ដំណើររបស់កម្ពុជាឆ្ពោះទៅការអភិវឌ្ឍស្តង់ដាអន្តរជាតិផងដែរ។

ក្នុងជំនួប ជាមួយ លោក Vimal Mahendru អនុប្រធាន IEC និងប្រធានក្រុមប្រឹក្សាគ្រប់គ្រងស្តង់ដារ IEC កាលពីថ្ងៃទី៣០ ខែមីនា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងអំណរគុណ IEC ចំពោះការគាំទ្រសមាជិកភាពរបស់កម្ពុជា និងថា ដំណើររបស់កម្ពុជាឆ្ពោះទៅការអភិវឌ្ឍស្តង់ដាអន្តរជាតិ ស្ថិតក្នុងដំណាក់កាលក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសារសំខាន់យ៉ាងខ្លាំងសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។
គួរឱ្យដឹងថា កម្ពុជាបានចូលជាសមាជិកភាពរង (Associate Member) របស់ IEC កាលពីខែមករា ឆ្នាំ២០២៦ ដែលនេះជារបត់សំខាន់មួយបង្ហាញពីការទទួលស្គាល់កាន់តែខ្ពស់ពីអន្តរជាតិ និងការបើកឱកាសឱ្យកម្ពុជាក្នុងការប្រើប្រាស់ស្តង់ដាអន្តរជាតិក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងបច្ចេកវិទ្យាថ្មីៗ។

ពាក់ព័ន្ធនឹងការក្លាយជាសមាជិកភាពរង (Associate Member) របស់ IEC លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា ស្តង់ដានឹងដើរតួកាន់តែសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើកកម្ពស់សមត្ថភាពផលិតកម្ម ភ្ជាប់ខ្សែច្រវាក់តម្លៃសកល និងសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ដោយលោករដ្ឋមន្រ្តីលើកឡើងថា៖ “កម្ពុជាមិនអាចជាប្រទេសដែលចាំតែទទួលយកស្តង់ដាអន្តរជាតិនោះទេ។ យើងចង់ក្លាយជាប្រទេសដែលចូលរួមសកម្ម និងបុរេសកម្មក្នុងការអភិវឌ្ឍស្តង់ដាអន្តរជាតិ” ។

លោក Vimal Mahendru អនុប្រធាន IEC និងប្រធានក្រុមប្រឹក្សាគ្រប់គ្រងស្តង់ដារ IEC បានសង្កត់ធ្ងន់ថា ស្តង់ដាអន្តរជាតិជាគ្រឹះសម្រាប់ស្ទើរតែគ្រប់ប្រព័ន្ធអគ្គិសនី អេឡិចត្រូនិក និងឌីជីថលសម័យទំនើបនៅទូទាំងពិភពលោក។ លោកបានបញ្ជាក់ថា ការចូលជាសមាជិករបស់ IEC នឹងផ្តល់អត្ថប្រយោជន៍ភ្លាមៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ធានាសុវត្ថិភាព បរិយាបន្ន និងនិរន្តរភាព។
ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តឱ្យកម្ពុជាចូលរួមយ៉ាងសកម្មក្នុងគណៈកម្មាធិការបច្ចេកទេស និងចែករំលែកជំនាញក្នុងដំណើរការកំណត់ស្តង់ដាអន្តរជាតិ ជាពិសេសក្នុងវិស័យកំពុងរីកចម្រើនខ្លាំង ដូចជាបញ្ញាសិប្បនិម្មិត ប្រព័ន្ធឆ្លាតវៃ និងប្រព័ន្ធតាមដានផលិតផលឌីជីថល៕

