រដ្ឋសភា គាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ បន្តធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋសភា បានបន្តបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចំនួន ៩រូប នៅព្រឹកថ្ងៃពុធទី១៣ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គប្រជុំ​រដ្ឋសភាបាន​បោះឆ្នោត​គាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់បន្ត​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចំណែកលោក ជឺ ចំណាន ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចំនួន ៧ រូប​ទៀតគឺលោក មាន សទិ, លោក ឌឹម សុ​វណ្ណា​រុំ, លោក សោម សូ​រី​ដា, លោក ហេង ស៊ី​ឡេង, លោក យិ​ច សមិទ្ធិ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

បើតាមរដ្ឋសភាជាតិ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងជាមុនសិន មុនចូលកាន់តំណែង នាពេលខាងមុខ។

សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) មាន​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​ផែនការ​រៀបចំ និង​ចាត់ចែង​ការ​បោះឆ្នោត​ក្នុង​ទូទាំង​ប្រទេស ក្រោម​បាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។

គួររំលឹកបន្តិចថា លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១  ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែងក្រោមហេតុផលមានបញ្ហាសុខភាព និងវ័យកាន់តែចាស់។

មុនកាន់តំណែងប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ គឺជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០១៧ មក។ ក្រៅពីនេះ លោកក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រយៈពេល១០ឆ្នាំ ពោលគឺពីឆ្នាំ១៩៩១ ដល់២០០១ មុនកាន់តំណែងអភិបាលខេត្តបាត់ដំបង ៣អាណត្តិជាប់គ្នា ពីឆ្នាំ២០០១ ដល់២០១៣ ហើយក្រោយមកលោកបានផ្លាស់ប្ដូរទៅកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ ១អាណត្តិ ពីឆ្នាំ២០១៤ ដល់២០១៧ នៅពេលខេត្តនេះបង្កើតថ្មីដែលបំបែកចេញពីខេត្តកំពង់ចាម៕