រដ្ឋាបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យផ្អាកការជួលដីសម្រាប់គម្រោងថាមពលខ្យល់ទ្រង់ទ្រាយធំទាំងអស់ នៅឆ្នេរសមុទ្រសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ និងការងាររាប់ពាន់កន្លែងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅក្នុងការប្រកាសមួយ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ លោក ត្រាំ បានសម្រេចឲ្យផ្អាកគម្រោងថាមពលខ្យល់នៅឯនាយសមុទ្រ និងកិច្ចព្រមព្រៀងជួលដីសហព័ន្ធ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មថាមពល។
គួរឲ្យដឹងថា បញ្ជីគម្រោងដែលត្រូវបានផ្អាករួមមាន Coastal Virginia ដែលជាកសិដ្ឋានថាមពលខ្យល់ធំជាងគេនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំក្រោយ។ កសិដ្ឋាននេះ នឹងមានទួរប៊ីនខ្យល់សរុបចំនួន ១៧៦ ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ២ GW ហើយត្រូវបានគេប៉ាន់ប្រមាណថានឹងផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់គ្រួសារចំនួន ៦ សែនគ្រួសារ នៅរដ្ឋ Virginia។
មិនតែប៉ុណ្ណោះ កសិដ្ឋានខ្យល់ដែលរងផលប៉ះពាល់ផ្សេងទៀតរួមមាន Vineyard Wind 1 (នៅរដ្ឋ Massachusetts), Revolution Wind (រដ្ឋ Rhode Island), Sunrise Wind (រដ្ឋ Long Island និង New England) និង Empire Wind 1 (រដ្ឋ Long Island)។ ក្នុងចំណោមគម្រោងទាំងនេះ គម្រោង Revolution Wind មានទំហំធំជាងគេ ដែលទទួលបានការវិនិយោគចំនួន ៥ពាន់លានដុល្លារ ហើយបច្ចុប្បន្នត្រូវបានបញ្ចប់ការសាងសង់ ៨០% ទៅហើយ។
ជម្រាបជូនផងដែរថា យោងតាមក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បានលើកឡើងថា ជុំវិញការផ្អាកគម្រោងទាំងនេះ គឺកើតឡើងដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ៕

