លោក ត្រាំ បញ្ជាឲ្យផ្អាកគម្រោងថាមពលខ្យល់ធំៗទាំងអស់ នៅសហរដ្ឋអាមេរិក

អន្តរជាតិ

រដ្ឋាបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យផ្អាកការជួលដីសម្រាប់គម្រោងថាមពលខ្យល់ទ្រង់ទ្រាយធំទាំងអស់ នៅឆ្នេរសមុទ្រសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ និងការងាររាប់ពាន់កន្លែងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការប្រកាសមួយ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ លោក ត្រាំ បានសម្រេចឲ្យផ្អាកគម្រោងថាមពលខ្យល់នៅឯនាយសមុទ្រ និងកិច្ចព្រមព្រៀងជួលដីសហព័ន្ធ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មថាមពល។

គួរឲ្យដឹងថា បញ្ជីគម្រោងដែលត្រូវបានផ្អាករួមមាន Coastal Virginia ដែលជាកសិដ្ឋានថាមពលខ្យល់ធំជាងគេនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំក្រោយ។ កសិដ្ឋាននេះ នឹងមានទួរប៊ីនខ្យល់សរុបចំនួន ១៧៦ ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ២ GW ហើយត្រូវបានគេប៉ាន់ប្រមាណថានឹងផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់គ្រួសារចំនួន ៦ សែនគ្រួសារ នៅរដ្ឋ Virginia។

មិនតែប៉ុណ្ណោះ កសិដ្ឋានខ្យល់ដែលរងផលប៉ះពាល់ផ្សេងទៀតរួមមាន Vineyard Wind 1 (នៅរដ្ឋ Massachusetts), Revolution Wind (រដ្ឋ Rhode Island), Sunrise Wind (រដ្ឋ Long Island និង New England) និង Empire Wind 1 (រដ្ឋ Long Island)។ ក្នុងចំណោមគម្រោងទាំងនេះ គម្រោង Revolution Wind មានទំហំធំជាងគេ ដែលទទួលបានការវិនិយោគចំនួន ៥ពាន់លានដុល្លារ ហើយបច្ចុប្បន្នត្រូវបានបញ្ចប់ការសាងសង់ ៨០% ទៅហើយ។

ជម្រាបជូនផងដែរថា យោងតាមក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បានលើកឡើងថា ជុំវិញការផ្អាកគម្រោងទាំងនេះ គឺកើតឡើងដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ៕​