អ៊ីស្រាអែល គ្រោងចំណាយលុយជាង ១០០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសព្វាវុធអាមេរិក

អន្តរជាតិ

អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថាគ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ១១០ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីកសាងឧស្សាហកម្មការពារជាតិឯករាជ្យ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍នៅក្នុងពិធីមួយ កាលពីថ្ងៃទី២៤ ខែធ្នូថា ៖”​ខ្ញុំបានអនុម័តថវិកាសរុបចំនួន ៣៥០ពាន់លានស៊ីគែល (ប្រហែល ១១០ពាន់លានដុល្លារ) ក្នុងរយៈពេលមួយទសវត្សខាងមុខ ដើម្បីកសាងឧស្សាហកម្មការពារជាតិឯករាជ្យសម្រាប់អ៊ីស្រាអែល”។

លោក Netanyahu បានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុង Tel Aviv ចង់កាត់បន្ថយការពឹងផ្អែកលើភាគីផ្សេងទៀត រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីរូបនេះ បានមានប្រសាសន៍ទៀតថា ៖”អ្នកជំនាញខាងឧស្សាហកម្មការពារជាតិកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធ ដែលនឹងធានាបាននូវអត្ថប្រយោជន៍របស់អ៊ីស្រាអែលនៅលើសមរភូមិនាពេលអនាគត”។

ជម្រាបជូនថា ជុំវិញការប្រកាសនេះកើតឡើងចំពេលមានការថយចុះនៃធនធានយោធាអ៊ីស្រាអែល បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលពីរឆ្នាំនៅលើសមរភូមិជាច្រើន។ ប្រទេសជាច្រើនក៏បានឈប់លក់អាវុធទៅឱ្យអ៊ីស្រាអែល ដើម្បីតវ៉ាប្រឆាំងនឹងយុទ្ធនាការយោធាប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ៕​