នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាននិងកំពុងដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ GBC ថ្ងៃទី៣ ជាមួយនឹងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ១០:០០ នាទីព្រឹក នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាច្រើនមានចម្ងល់ថា តើប្រធានក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់កម្ពុជា គឺលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ជានរណា?
លោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន គឺជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួរកងយោធពលខេមរភូមិន្ទ និងជាបញ្ញវន្តយោធាដ៏លេចធ្លោមួយរូបនៅកម្ពុជា។ យោងតាមប្រភពច្បាស់ការ បានបញ្ជាក់ពីជីវប្រវត្តិ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ឱ្យបានដឹងថា បច្ចុប្បន្នលោកមានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ (ផ្កាយ២) ហើយលោកកាន់តួនាទីសំខាន់ៗមួយចំនួនដូចជា នាយករងមន្ទីរអប់រំចិត្តសាស្ត្រ នៃក្រសួងការពារជាតិ ជាសាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវ ផ្នែកយុទ្ធសាស្ត្រយោធា និងប្រវត្តិសាស្ត្រ។ ចំពោះប្រវត្តិសិក្សា និង ការងាររបស់លោកមានដូចជា៖
– ២០០០-២០០៤ បរិញ្ញាបត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (ភ្នំពេញ)
– ២០០៤-២០០៦ បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ច Universite Lumiere Lyon 2 (បារាំង) និង University of Delaware (អាមេរិក)
– ២០០៦-២០០៨ បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ University of Delaware (អាមេរិក)
– ២០០៨-២០១៤ បណ្ឌិត វិទ្យាសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ University of Delaware (អាមេរិក)
– ២០១៣-២០១៤ បញ្ចប់វគ្គបញ្ជាការ និង សេនាធិការ នៅសាលាបញ្ជាការ និង សេនាធិការរងកងទ័ពជើងគោកអាមេរិក US Army Command and General Staff College, Fort Leavenworth, Kansas និងបរិញ្ញាបត្រជាន់ខ្ពស់ សិក្សាយុទ្ធនាការតាមប្រវត្តិសាស្ត្រយោធា។
– បច្ចុប្បន្ន បង្រៀននៅ វិទ្យាស្ថានសិក្សាអន្តរជាតិ និង គោលនយោបាយសាធារណៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មុខវិជ្ជា ទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ, សន្តិសុខអន្តរជាតិ) និងវិទ្យាស្ថាន CamEd (មុខវិជ្ជា ប្រវត្តិសាស្ត្រខ្មែរ)។
លោកក៏បានបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធា West Point ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (ជំនាន់ទី២ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា)។
លើសពីនេះ បណ្ឌិត ញ៉ែម ប៉ូរ៉ាដែន ជាអ្នកនិពន្ធសៀវភៅ ”កំណត់ហេតុសង្រ្គាម រឿងរ៉ាវសន្តិភាព” ជាសៀវភៅប្រវត្តិសាស្ត្រដែលមានការស្រាវជ្រាវ និងមានអំណះអំណាងច្បាស់លាស់បែបអ្នកជំនាញ។ លោកបណ្ឌិតជាធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា ដែលមានស្នាដៃបោះពុម្ពផ្សាយសៀវភៅជាភាសាអង់គ្លេសជាច្រើនទៀតផងដែរ៕









