អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
អាជាធរមីន បានបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើម នៃសកម្មភាពឈ្លានពានខុសច្បាប់របស់យោធាថៃ មកលើកម្ពុជា ដោយ លើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលបច្ចុប្បន្ន យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល និងបាន បំពានការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងរំលោភលើគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និង របួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពី លំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែង តាមបណ្តាខេត្តនានា។ មិនត្រឹមតែប៉ុណ្ណោះ ការឈ្លានពាននេះ បណ្តាលឱ្យប៉ះពាល់ដល់ប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ពិសេសបុគ្គលិកបោសសម្អាតមីន ប្រមាណជាង ៩០០ នាក់ ព្រមទាំងក្រុមគ្រួសារ ដែលត្រូវធ្វើការភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព។ ខណៈដែល សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា បង្កដោយការឈ្លានពានរបស់យោធាថៃ ប្រកបដោយ ភាពម៉ឺងម៉ាត់ ស្មារតីស្នេហាជាតិខ្ពស់ និងរក្សាឱ្យបាននូវឧត្តមផលប្រយោជន៍ជាតិ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព និងសុខដុមរមនា ជូនប្រជាជន និងប្រទេសជាតិ អាជ្ញាធរមីន សូមធ្វើការណែនាំដល់ ប្រតិបត្តិករសកម្មភាពមីន ដូចមានខាងក្រោម ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យសកម្មភាពមីន ក៏ដូចជាប្រជាជនភៀសសឹកក្នុងអំឡុងពេល នៃ ការឈ្លានពានរបស់យោធាថៃ៖
១- បន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពបុគ្គលិកបោសសម្អាតមីន និងមិនត្រូវអនុញ្ញាត ឱ្យបុគ្គលិកបន្តការងារក្នុងស្ថានភាពប្រឈមនឹងការគ្រោះថ្នាក់
២- បន្តយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់បុគ្គលិកបោសសម្អាតមីន ដែលមានក្រុមគ្រួសារ កំពុងរស់នៅក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ឬតំបន់ជនភៀសសឹកនានា
៣- ផ្អាករាល់ប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត និងសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពី យុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសារសកម្មភាពឈ្លានពាន របស់យោធាថៃ ដើម្បីរក្សាសុវត្ថិភាពជូនដល់បុគ្គលិកបោសសម្អាតមីន
៤- ស្នើសុំជាបន្ទាន់មកអាជ្ញាធរមីន ចំពោះការផ្លាស់ប្តូរផែនការបោសសម្អាតចម្ការមីន ក្នុងករណី ចម្ការមីននោះ ស្ថិតក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសារសកម្មភាពឈ្លានពានរបស់ យោធាថៃ
៥- បន្តរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងទៀត ដែលបាញ់និងទម្លាក់ដោយយោធាថៃ ជូនប្រជាជនដែល កំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះទាំងនោះ នៅ ពេលប្រជាជនត្រលប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ នៅពេលប្រក្រតីភាព និងសន្តិភាពវិល ត្រលប់ដូចដើម
៦- បន្តផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុង ការដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅទីតាំងដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបានបាញ់ និង ទម្លាក់ដោយយោធាថៃ ឬយកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព (សម្រាប់ជាភស្តុតាង) ឬ កម្ទេចចោលតាមការចាំបាច់ ដើម្បីធានាសុវត្ថិភាពជូនប្រជាជន និងមន្ត្រី-បុគ្គលិកមូលដ្ឋាន ព្រមទាំងដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងផ្តល់កិច្ចសហការ តាមសំណូមពររបស់ អាជ្ញាធរមូលដ្ឋាន
៧- បន្តរក្សាកិច្ចសហការល្អជាមួយគណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារសកម្មភាពមីន ខេត្ត ក្នុងសកម្មភាពបោសសម្អាត សកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្គ្រោះជនរងគ្រោះ
៨- បន្តតាមដានការវិវត្តនៃសកម្មភាពវាយប្រហារដោយយោធាថៃជាប្រចាំ ពីប្រភពព័ត៌មានផ្លូវការ ផ្តល់ដោយក្រសួង-ស្ថាប័នជាតិពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពខាងលើប្រកបដោយប្រសិទ្ធភាព។



