រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរួមគ្នាជំរុញដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈរិះរកមធ្យោបាយដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបាន។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ ២ គឺ ទី១. កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណងនិងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែងនិងការប្ដេជ្ញារបស់កម្ពុជា ទី២.ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងនិងគោលដៅទាំងនេះដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងនូវចំណុច សំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ក្នុងនោះ កម្ពុជាត្រូវមានបំណងប្រាថ្នាជាប្រទេសមានចំណូលខ្ពស់, ផលិតភាពខ្ពស់, បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់, កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយកម្ពុជាត្រូវពិចារណាលើការប្រើប្រាស់ម៉ូដែលដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានលើកឡើងនូវខ្លឹមសារសំខាន់ៗដែលជារបបគំឃើញគន្លឹះៗនៃរបាយការណ៍របស់ធនាគារពិភពលោក ដោយផ្តោតលើផលិតភាព ការអភិវឌ្ឍសេវាកម្ម និងការប្រមើមើលការងារអនាគត ដែលក្នុងនោះរួមមាន ១). ការបន្ដពង្រឹងការអភិវឌ្ឍនិងបង្កើនផលិតភាពក្នុងវិស័យសេវាកម្ម ដូចជាសេវាកម្មបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលជាដើម ដែលនឹងបង្កើនផលិតភាពខ្ពស់ដល់វិស័យឧស្សាហកម្មនិងកម្មន្ដសាល, ២).ការគិតគូរពីការងារអនាគត (Future Jobs) ដោយផ្តោតលើ
ស្ថានភាពទីផ្សារពលកម្ម ដូចជា ប្រភេទការងារដែលត្រូវការ, ការបង្កើតនិងការប្រមើមើលលើការងារថ្មី និងការបំពាក់ជំនាញថ្មីសម្រាប់ប្រជាជន, ៣). ការគិតគូរអំពីបញ្ហាបន្ទាន់ និងភាពប្រឡាក់ក្រឡាគ្នា រវាងបច្ចេកវិទ្យាបៃតងនិងការអភិវឌ្ឍភាពធន់ទៅនឹងអាកាសធាតុ, និង ៤). ការវិវត្តនៃរបៀបរបបធ្វើការ ដោយការកើនឡើងនូវម៉ាស៊ីនស្វ័យប្រវត្តិ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតជាដើម៕
