នៅថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសចិន កម្ពុជា និងថៃ បានជួបប្រជុំនៅបឹងហ៊ូស៊ាន ខេត្តយូណាន ប្រទេសចិន។ ប្រទេស ចិនបានស្វាគមន៍ចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំ ដែនទូទៅ (GBC) ដែលបានចុះហត្ថលេខាដោយភាគីកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។

ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីប្រកាសរួមនេះបម្រើប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ឯកសារនេះបានបញ្ជូនសញ្ញាវិជ្ជមាន និងអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ សេចក្តីប្រកាសរួមនេះក៏បានបង្ហាញយ៉ាងពេញលេញថា កិច្ចសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយជាក់ស្តែងនិងមានប្រសិទ្ធភាពក្នុងការ ដោះស្រាយជម្លោះស្មុគស្មាញនានា។
ភាគីទាំងបីបានពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រឹងបទឈប់បាញ់ និងធ្វើការជាជំហានៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការផ្លាស់ប្តូរជាប្រក្រតី កសាងឡើងវិញនូវទំនុកចិត្ត ផ្នែកនយោបាយទៅវិញទៅមក ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងការពារស្ថិរភាពក្នុងតំបន់ ជាមួយនឹងលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១. អាទិភាពបន្ទាន់គឺការពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃសេចក្តីប្រកាសរួម។ ប្រទេសចិនគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ ក្នុងន័យនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ជាមួយនឹងទស្សនៈក្នុងការធានាថា បទឈប់បាញ់នេះមានភាពគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាពឡើងវិញ។ ភាគីទាំងបី គាំទ្រដល់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៥។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់នានាដល់កម្ពុជា និងថៃ ក្នុងការជំរុញការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលរួម និងការរៀបចំក្នុងក្របខណ្ឌទ្វេភាគីនានា ព្រមទាំងផ្តល់ជំនួយសំខាន់សម្រាប់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព។ យោធាចិននឹងរក្សាទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្តល់ការគាំទ្រដល់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងតាមសំណើរបស់ភាគីកម្ពុជានិងថៃ។
២. ជំហានសំខាន់បន្ទាប់គឺធ្វើការដើម្បីឆ្ពោះទៅរកការបន្តការផ្លាស់ប្តូរជាប្រក្រតី។ ប្រទេសចិនស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការខិតខំបន្តការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងគ្នាឡើងវិញលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងគោលបំណងស្តារការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងការស្តារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ភ្លាមៗសម្រាប់តម្រូវការជីវភាពរស់នៅរបស់ជនភៀសសឹកនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់។

៣. កម្ពុជា និងថៃនឹងធ្វើការកសាងឡើងវិញនូវទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក។ ប្រទេសចិនស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការកសាងឡើងវិញនូវទំនាក់ទំនង តាមរយៈបណ្តាញការទូត និងជំរុញទំនាក់ទំនងរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ កម្ពុជា និងថៃបានឯកភាពគ្នាក្នុងការលើកកម្ពស់បរិយាកាសល្អ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៥ ដែល គ្រោងនឹងរៀបចំឡើងនៅប្រទេសថៃ តាមពេលវេលាសមស្រប និងធានាថាកិច្ចប្រជុំ នេះនឹងទទួលបានជោគជ័យ។
៤. គោលដៅរយៈពេលវែង គឺធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃប្រសើរឡើងវិញ។ ប្រទេសចិន លើកទឹកចិត្តឱ្យភាគីកម្ពុជានិងថៃ បង្កើតលក្ខខណ្ឌនានាសម្រាប់ការបន្តទំនាក់ទំនងការទូតឡើងវិញជាជំហានៗ។ ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់នូវវេទិកានៅពេលដែលចាំបាច់សម្រាប់ភាគីទាំងពីរធ្វើការទំនាក់ទំនង ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។

៥. ការទទួលខុសត្រូវរួមគឺការការពារស្ថិរភាពក្នុងតំបន់។កម្ពុជា និងថៃបង្ហាញការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងខិតខំប្រឹងប្រែងជារួមជាមួយបណ្តាប្រទេស ក្នុងតំបន់ដើម្បីដោះស្រាយហានិភ័យ និងបញ្ហាប្រឈមរួម ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសទាំងបី ឯកភាពចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ុនធឺណិត ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។
កម្ពុជា និងថៃ បានកោតសរសើរចំពោះការគាំទ្រដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការជំរុញកិច្ចពិភាក្សារវាងប្រទេសទាំងពីរ ដោយគិតគូរពីកម្រិតនៃភាពងាយស្រួលរបស់ភាគីទាំងពីរ។ ក្នុងស្មារតីនៃលទ្ធផលអាននឹងប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការកសាងឡើងវិញនូវទំនុកចិត្ត និងការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ តាមវិធីអាស៊ី ជាមួយនឹងគោលបំណងកសាងសហគមន៍វាសនារួមជាមួយប្រទេសជិតខាង៕

