តម្លៃនិងតម្រូវការបង្កងបែបធម្មជាតិលើទីផ្សារកំពុងធ្វើឱ្យកសិករកាន់តែមានទំនុកចិត្តខ្ពស់លើមុខរបរ

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តតាកែវបានសង្កេតឃើញថាកសិករចិញ្ចឹមបង្កងបែបធម្មជាតិនៅក្នុងខេត្តតាកែវគិតត្រឹមឆ្នាំ២០២៣ មានប្រមាណ២០គ្រួសារទាំងខ្នាតតូចនិងខ្នាតមធ្យម ហើយនៅពេលសព្វថ្ងៃនេះ អ្នកចិញ្ចឹមបង្កងនៅក្នុងតំបន់ខ្លះមិនទាន់ធ្វើការប្រមូលផលបង្កង វគ្គទី១របស់ខ្លួនអស់ផង កសិករបានដាក់កូនបង្កងចិញ្ចឹមវគ្គទី២បន្តទៀតហើយ ខណៈដែលតម្លៃបង្កងនៅតាមតំបន់កសិករនៅលក់បានថ្លៃ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាមហើយការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តតាកែវ បានឱដឹងថាមុខរបរចិញ្ចឹមបង្កងបែបធម្មជាតិរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បើកសិករប្រៀបធៀបទៅនិងការធ្វើស្រែ ពួកគាត់គំនិតខុសប្លែកពីមុន ដោយសារមុខរបរចិញ្ចឹមបង្កងនេះវាមានរយៈពេលខ្លី ដូចទៅនិងការធ្វើស្រែប្រាំង បើកសិករទិញកូនបង្កងដែលមានទំហំធំស្រាប់យកមកចិញ្ចឹមបន្តរយៈពេលតែ២ទៅ៣ខែទៀត កសិករអាចប្រមូលផលបាន។ ដូចនេះកសិករ នឹងពង្រីកមុខរបរចិញ្ចឹមបង្កងរបស់ពួកគាត់ថែមទៀតដោយសារ មុខរបរចិញ្ចឹមបង្កងធម្មជាតិមួយនេះ វាមានលក្ខណៈងាយស្រួលជាងមុខរបរធ្វើស្រែ។

លោក បន្តថា ការកើនឡើងនូវទំនុកចិត្តលើមុខរបរចិញ្ចឹមបង្កងរបស់កសិករក្នុងតំបន់នេះ ដោយសារតែតម្លៃបង្កងនៅលើទីផ្សារសព្វថ្ងៃនេះនៅតែលក់បានថ្លៃ ហើយលើសពីនេះមានក្រុមហ៊ុនក្នុងស្រុកមួយបានប្រមូលទិញបង្កងសាច់នៅតាមតំបន់ ស្របពេលការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការនៅឡើយ ទើបធ្វើឱ្យកសិករមានជំនឿចិត្តកាន់តែខ្ពស់។

បើតាមមន្ត្រីជំនាញរូប សព្វថ្ងៃលោកកំពុងជំរុញធ្វើការផ្សព្វផ្សាយ និងកំពុងបញ្ជ្រៀបចំណេះដឹងដល់កសិករអំពីការចិញ្ចឹមបង្កង ហើយនៅពេលខាងមុខដ៏ខ្លីនេះ លោកនឹងបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមបង្កង និងការរៀបចំផែនការនិងការគ្រប់គ្រង់អាជីវកម្មជូនដល់កសិករក្នុងតំបន់។

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តតាកែវគូសបញ្ជាក់ថា «បច្ចុប្បន្ននេះខេត្តដែលមានសក្តានុពលលើមុខរបរចិញ្ចឹមបង្កងធម្មជាតិ មានដូចជា ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង ដែលស្ថិតនៅក្នុងទីតំាងជាប់ដែនធម្មជាតិ ហើយទាក់ទងនិងការចិញ្ចឹមបង្កងនេះដែរ ជាយុទ្ធសាស្ត្រក៏ដូចជាគោលការណ៍របស់ក្រសួងកំពុងឱ្យខេត្តតាកែវ កំពុងរៀបចំបង្កើតឱ្យមានសហគមន៍ចិញ្ចឹមបង្កងមួយ ដែលយើងកំពុងស្វះស្វែងចងក្រងក្រុមពួកគាត់ឱ្យដំណើរការ»៕ តាកែវ