ប្រទេសចិន កាលពីពេលថ្មីៗនេះ បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននាំចេញប្រាក់ចំនួន ៤៤ ក្រោមវិធានការថ្មីមួយ ដែលមើលឃើញពីការរឹតបន្តឹងទៅលើការនាំចេញចំពោះប្រាក់កាន់តែខ្លាំងជាងមួយ ពោលគឺដោយគ្នាទៅនឹងរ៉ែកម្រ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីបញ្ជីសហគ្រាសចំនួន ៤៤ ដែលមានអាជ្ញាប័ណ្ណនាំចេញប្រាក់ ក្រោមវិធានការថ្មីមួយសម្រាប់រយៈពេល ២០២៦-២០២៧។ ចំពោះគោលនយោបាយថ្មីនេះ ក៏ត្រូវបានលើកកម្ពស់ប្រាក់ជាផ្លុវការពីទំនិញទូទៅ ទៅជាទំនិញយុទ្ធសាស្រ្តវិញ ដោយដាក់ការគ្រប់គ្រងការនាំចេញទៅកម្រិតផ្លូវច្បាប់ដូចគ្នាទៅនឹងការគ្រប់គ្រងលើការនាំចេញរ៉ែកម្រ ផងដែរ។
មិនតែប៉ុណ្ណោះ CNBC បានបង្ហាញឲ្យដឹងទៀតថា ចលនាទាំងនេះបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់ពិភពលោក កំពុងរៀបចំរឹតបន្តឹងការនាំចេញប្រាក់របស់ខ្លួន។
ជម្រាបជូនថា យោងតាមទិន្នន័យពី Wind Information បានរាយការណ៍ថា ប្រទេសចិនបាននាំចេញប្រាក់ជាង ៤ ៦០០ តោនក្នុងរយៈពេល ១១ខែដំបូង បើប្រៀបធៀបទៅនឹងការនាំចូលចំនួន ២២០ តោនក្នុងអំឡុងពេលដូចគ្នា។
ជុំវិញការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលតម្រូវការប្រាក់សកលមានកម្រិតខ្ពស់ ដែលជំរុញឱ្យតម្លៃកើនឡើងយ៉ាងខ្លាំង។ គិតនៅត្រឹមថ្ងៃទី៣០ ខែតុលា តម្លៃប្រាក់បានកើនឡើង ៧,៣% ដល់ ៧៧,៤៣ដុល្លារក្នុងមួយអោន៕

