ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបាន វិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រក ព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែន ដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។
ជាមួយគ្នានេះ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់ បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្ត ហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ ដោយសង្កត់ធ្ងន់ថា ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅតែកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិមានស្រាប់ ដែលកម្ពុជានៅតែរក្សាបានសិទ្ធិពេញលេញក្នុងការ ដោះស្រាយបញ្ហាព្រំដែនអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីជាធរមានទាំងឡាយ៕





