លោក ប៉ែន បូណា៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសឡើងធ្វើ Press Briefing នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា  បានបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិអំពីជំហរដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូតនិងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជាថ្មីផងដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕