សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។


នេះបើយោងតាមកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសារធាណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ ។
កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

នាឱកាសនោះ លោករដ្ឋលេខាធិការបានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយសហការជាមួយបានស្ថាប័នពាក់ព័ន្ធឱ្យបានល្អ ច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យថ្ងៃដំណើរការកម្មវិធីនាពេលខាងមុខមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

សូមជម្រាបដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK00+000 – PK45+502.84) ត្រូវបានប្រកាសបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ហ្សាលីន


