នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហការី បាននាំយកជំនួយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនជនភៀសសឹក ភូមិព្រៃចន្ទ និងភូមិជោគជ័យ ចំនួន ១២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់និងចែកអំណោយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ និងលោកឧកញ៉ា អ៊ុច សោភ័ណ, លោកឧកញ៉ា ហ៊ួត ជា, ឯកឧត្តម ឧកញ៉ា និង លោកលោកស្រី សមាជិក-សមាជិកា ចំណុះផ្នែកក្រៅប្រព័ន្ធ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។
ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ បានលើកឡើងថា លោកពិតជាសោកសង្វែងបងប្អូនទាំងពីរភូមិនេះណាស់ ដែលឃ្លាតភៀសចាកឆ្ងាយពីផ្ទះសម្បែង និងចម្ការស្រែ ចំនួន ៤ លើករួចមកហើយ ដែលពេលនេះ មិនដឹងពេលណាអាចត្រឡប់ទៅវិញបាន។ លោកឧកញ៉ាបណ្ឌិត ក៏សូមជូនពរពុកម៉ែ ពូមីងបងប្អូន ទទួលបាននូវសុខភាពល្អ និងសុខសុវត្ថិភាព ហើយឆាប់បានវិលត្រឡប់ទៅគេហដ្ឋានវិញ៕





